អន្តរជាតិ

បុរសបារាំងម្នាក់សុខចិត្តកាត់ក្បាលដោះនិងផ្ចិតចេញឲ្យរាបស្មើទុកកន្លែងសាក់

ដោយ៖ សហការី

ជនជាតិបារាំងម្នាក់សម្រេចចិត្តកាត់ក្បាលដោះ និងផ្ចិតក្បាលពោះចេញឲ្យរាបស្មើ ដើម្បីទុកកន្លែងសាក់ឲ្យបានច្រើន និងស្អាតជាងគេលើពិភពលោក។

បុរសឈ្មោះ Sylvain Hélaine អាយុ ៣៧ឆ្នាំ ជាជនជាតិបារាំងត្រូវបានគេស្គាល់ថា ជា “ Freaky Hoody – មនុស្សចម្លែក”  គាត់បានធ្វើជាគ្រូបង្រៀនជាង ១០ឆ្នាំមកហើយមកទល់នឹងពេលនេះ។ បុរសរូបនោះជាមនុស្សម្នាក់ដែលស្រលាញ់ការសាក់រូបនៅលើដងខ្លួន បច្ចុប្បន្ននេះគាត់បានសាក់រូបដែលមានតម្លៃដល់ទៅ ៥៧,០០០​ផោន ស្មើនឹង ៧០.៨៧៣,៨០ដុល្លារ នៅគ្រប់កន្លែងនៃរាងកាយរបស់គាត់ តាំងពីលើបាតដៃ លើអណ្តាត លើអញ្ចាញធ្មេញ និងសូម្បីតែនៅលើភ្នែករបស់គាត់។

ជនជាតិបារាំដែលមានដើមកំណើតនៅទីក្រុងប៉ារីស ក្រៅពីអាជីពជាគ្រូបង្រៀន លោកក៏ជាតួសំដែង និងតួកំប្លែងផងដែរ។ Sylvain Hélaine បាននិយាយថា វាត្រូវប្រើពេលរាងយូរបន្តិចដើម្បីឲ្យអាណាព្យាបាលរបស់សិស្សស៊ាំនឹងរូបរាងរបស់ខ្ញុំក្នុងពេលបច្ចុប្បន្ន។ គាត់​បាន​និយាយ​ថា ​បច្ចុប្បន្ន​គាត់មាន​សិស្សចំនួន ២៩នាក់នៅ​ក្នុង​ថ្នាក់រៀន​​។ គាត់បង្រៀនក្មេងៗចាប់ពីអាយុ ៧ទៅ១១ឆ្នាំ ដំបូងពួកគេមានការភ្ញាក់ផ្អើលបន្តិច តែឥឡូវនេះពួកគេលែងភ័យខ្លាចទៀតហើយ។

ក្រុមការងាររបស់គាត់មានអាយុចាប់ពី ៤០ទៅ៥០ឆ្នាំ ពួកគេមានកូនសិស្សច្រើនជាងគាត់ ដែលសិស្សទាំងនោះបានមើលបុរសខាងលើត្រឹមតែពីរនាទី ក្រោយមកសិស្សក្មេងៗ​ព្រមទទួលយកគាត់។ Sylvain Hélaine ត្រូវចំណាយពេលពីរថ្ងៃសម្រាប់ឪពុកម្តាយសិស្ស និងពីរសប្តាហ៍សម្រាប់ជីដូនជីតារបស់សិស្សស៊ាំនឹងរូបកាយរបស់គាត់។ លោកគ្រូ ស៊ែលវីន បានឲ្យដឹងទៀតថា លោកមាន ‘អាជីពពីរ’ ដែលលោកត្រូវបំពេញភារកិច្ចទាំងនេះឲ្យបាន​យ៉ាងល្អឥតខ្ចោះ  មួយគឺជាគ្រូបង្រៀន និងមួយទៀតគឺជាអ្នកសិល្បករ៕