សន្ដិសុខសង្គម

ត្រៀមបញ្ជូនអ្នកកាសែតម្នាក់ជាមួយបក្ខពួកករណីឆក់កាបូបទៅតុលាការ

ភ្នំពេញ៖ជនសង្ស័យម្នាក់ត្រូវបានគេអះអាងជាអ្នកសារព័ត៌មាននិងបក្ខពួក ករណីឆក់កាបូប​តាមផ្លូវត្រូវសមត្ថកិច្ចចាប់បាន២នាក់ ហើយត្រៀមបញ្ជូនទៅតុលាការ។

ករណីនេះបានកើតឡើងនៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីយប់ថ្ងៃទី១៨ ខែមេសា។សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ២នាក់ឈ្មោះ ជឹម រក្សា អាយុ២៧ឆ្នាំ មានប័ណ្ណព័ត៌មានអង្គភាពគេហទំព័រនគរប៉ុស្តិ៍ធីវីអនឡាញជាប់ខ្លួន១សន្លឹក។

បុរសរូបនេះស្នាក់នៅផ្ទះជួលសង្កាត់ព្រៃស ខណ្ឌដង្កោ និងឈ្មោះ សេក ចាន់រតនា អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងបក្ខពួកម្នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់។ចំណែកម្ចាស់កាបូបឈ្មោះ ប៊ុត ជីវី អាយុ៤៦ឆ្នាំ អ្នករត់ផាស្អេបនៅខណ្ឌដង្កោបានឌុបប្រពន្ធទៅផ្សារ។

ក្នុងកាបូបដែលចោរឆក់នោះមានទូរសព្ទម៉ាកJINO ពណ៌ខ្មៅ១គ្រឿង-លុយខ្មែរចំនួន ៣៧០.០០០រៀល។ពេលចាប់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាង ម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខភ្នំពេញ1JX-4625 ១គ្រឿង-ម៉ូតូម៉ាកហុងដាឃ្លីកផ្លាកលេខភ្នំពេញ1JW-5628 ១គ្រឿង-ប័ណ្ណព័ត៌មានអង្គភាពគេហទំព័រ នគរប៉ុស្តិ៍ធីវីអនឡាញឈ្មោះ ជឹម រក្សា១សន្លឹក-លិខិតបេសកកម្មសារព័ត៌មាននគរប៉ុស្តិ៍​ធីវីអនឡាញ១ច្បាប់និងកាបូបស្ពាយ១របស់ជនរងគ្រោះ។

ក្រោយពីសាកសួរ ជនសង្ស័យសារភាពថា ពួកគេបានឆក់កាបូបពីជនរងគ្រោះពិតប្រាកដមែន។សមត្ថកិច្ចក៏បានកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ