សន្ដិសុខសង្គម

តាមរកចាប់ឃាតកសម្លាប់ស្ត្រីបុគ្គលិកកាស៊ីណូម្នាក់កាត់ក្បាលចោលក្នុងបន្ទប់ទឹក

ស្វាយរៀង៖សមត្ថកិច្ចកំពុងស៊ើបអង្កេត និងស្រាវជ្រាវតាមចាប់ឃាតកសម្លាប់ស្ត្រីបុគ្គលិក​កាស៊ីណូម្នាក់យ៉ាងសាហាវ ដោយកាត់ក្បាលនាងយកចោលក្នុងបន្ទប់ទឹក ហើយរត់គេចខ្លួនបាត់។ ហេតុការណ៍បង្កភ្ញាក់ផ្អើលយ៉ាងខ្លាំងទាំងយប់នេះ ឋិតនៅត្រង់បន្ទប់ជួលមួយក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ខេត្តស្វាយរៀង កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែមេសា។

លោកអែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិតបានឱ្យដឹងនៅរសៀលថ្ងៃទី២០ខែមេសានេះថា ពិតជាមានករណីឃាតកម្មមែន។

លោកអធិការបានបន្តថា ស្ត្រីរងគ្រោះបាត់បង់ជីវិតឈ្មោះ ម៉ន ស្រីម៉ី អាយុ២៤ឆ្នាំ ជាបុគ្គលិកកាស៊ីណូ DYNASTY។កន្លែងកំណើតភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល នាងមកស្នាក់នៅបន្ទប់ជួលក្នុងភូមិបាវិតកណ្តាល ក្រុងបាវិត។ សពត្រូវគេឃើញក្នុងស្ថានភាពអាក្រាតកាយនិងក្បាលជនរងគ្រោះត្រូវឃាតកយកចោលក្នុងបន្ទប់ទឹក។

ក្រោយពីមានអំពើឃាតកម្មរួចមក កម្លាំងនគរបាលក្រុង-នគរបាលខេត្តស្វាយរៀងនិងសមត្ថកិច្ចពាក់ព័ន្ធ កំពុងបើកការស៊ើបអង្កេត និងស្រាវជ្រាវតាមរកចាប់ជនដៃដល់យកមកអនុវត្តតាមច្បាប់៕ដោយ៖វិចិត្រ