អន្តរជាតិ

ឆ្អឹងសត្វដ៏ធំសម្បើមអាយុកាល៦៧លានឆ្នាំមុនដាក់ដេញថ្លៃជាង៦លានដុល្លារ

ដោយ៖ សហការី

គ្រោងឆ្អឹងសត្វដ៏ធំដែលមានអាយុកាល៦៧លានឆ្នាំមុន បានដាក់ដេញថ្លៃក្នុងតម្លៃជាង៦លានដុល្លារ កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។

Reuters បានចុះផ្សាយកាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៣ ថា នៅទីក្រុង Zurich គ្រោងឆ្អឹងដ៏ធំសម្បើមដែលគេហៅថា Tyrannosaurus Rex ជាប្រភេទសត្វនិករដ៏កម្រដើរជុំវិញ ផែនដីកាលពី ៦៧លានឆ្នាំមុន ត្រូវបានគេដាក់ដេញថ្លៃលក់នៅទីក្រុង Zurich កាលពីថ្ងៃអង្គារ ក្នុងតម្លៃ ៥.៥ លានហ្វ្រង់ស្វីស ស្មើនឹង ៦.១៣លានដុល្លារ គឺលក់បានតិចជាងការរំពឹងទុក។

ក្រុមអ្នកជំនាញបានធ្វើការវាស់វែងកម្ពស់ឆ្អឹងនេះមានប្រវែង ១២.៨ហ្វីត គឺស្មើនឹង ៣.៩ម៉ែត្រ និងមានបណ្តោយប្រវែង ៣៨.១ហ្វីត ស្មើនឹង ១១.៦ម៉ែត្រ  TRX-293 TRINITY គឺជាគ្រោងឆ្អឹងដែលមានឆ្អឹងចំនួន ២៩៣ បំណែក ដែលជាបំណែកគ្រោងឆ្អឹងរបស់ T-Rexs ចំនួនបីផ្សេងៗពីគ្នា ដែលគេបានរកឃើញនៅក្នុងចន្លោះឆ្នាំ ២០០៨ និង ២០២៣ នៅរដ្ឋ Montana ស្រុក Wyoming សហរដ្ឋអាម៉េរិក។

អ្នកទិញដែលមិនបញ្ចេញឈ្មោះបានផ្តល់តម្លៃក្នុងការឈ្នះការដេញថ្លៃចំនួន ៤.៨ លានហ្វ្រង់ស្វីស ស្មើនឹង ៥.៣៤លានដុល្លារ ដែលតិចជាងការប៉ាន់ប្រមាណទុកចាប់ពី ៥លានទៅ ៨លានហ្វ្រង់ស្វីស។ ប៉ុន្តែតម្លៃសរុបគឺខ្ពស់ជាងនេះ សរុបទាំងបុព្វលាភ និងថ្លៃសេវារបស់អ្នកទិញនៅឯការដេញថ្លៃ Koller។

Koller ដែលជាហាងដាក់ដេញថ្លៃដ៏ធំបំផុតរបស់ប្រទេសស្វីស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា វាគឺជាលើកទីមួយនៅអឺរ៉ុប និងជាលើកទីបីនៅទូទាំងពិភពលោក ដែលគ្រោងឆ្អឹង T-Rex ទាំងមូលប្រកបដោយគុណភាពពិសេស ត្រូវបានផ្តល់តម្លៃក្នុងការដេញថ្លៃមួយនេះ៕