សន្ដិសុខសង្គម

ចៅក្រមកំពុងស៊ើបសួរអតីតអធិការរងម្នាក់បង្កឱ្យពលរដ្ឋរងរបួស

ព្រៃវែង៖តំណាងអយ្យការអមសាលាដំបូងខេត្តព្រៃវែង បានចេញដីកាសន្និដ្ឋានបញ្ជូនឱ្យ ចៅក្រមស៊ើបសួរអតីតអធិការរងនគរបាលស្រុកបាភ្នំ ករណីបង្កឱ្យពលរដ្ឋម្នាក់រងរបួសធ្ងន់។

សមត្ថកិច្ចបានឱ្យដឹងថា តុលាការខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២០ ខែមេសានេះ បានចោទប្រកាន់លោកស៊ាន ប៊ុនណាល់ អតីតអធិការរងនគរបាលស្រុកបាភ្នំជាផ្លូវការហើយ ពីបទ“ប្រើប្រាស់កាំភ្លើងខុសច្បាប់និងបង្កផ្ទុះអាវុធធ្វើឱ្យពលរដ្ឋម្នាក់រងរបួសធ្ងន់ពេលចុះបង្ក្រាបល្បែងជល់មាន់”។សំណុំរឿងនេះត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ និងបញ្ជូនទៅចៅក្រមស៊ើបសួរបន្តនីតិវិធី។

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែងបានឱ្យអ្នកសារព័ត៌មានដឹងថា ជនសង្ស័យត្រូវបញ្ជូនទៅតុលាការកាលពីរសៀលថ្ងៃទី១៩ ខែមេសា។ជនត្រូវចោទឈ្មោះ ស៊ាន ប៊ុនណាល់ អាយុ២៦ឆ្នាំ តួនាទីជាអធិការរងនគរបាលស្រុកបាភ្នំ នៅភូមិស្វាយពក ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង។ចំណែកជនរងគ្រោះឈ្មោះ សាន វិច្ឆិកា អាយុ៣៦ឆ្នាំ នៅស្រុកខេត្តជាមួយគ្នា រងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម។

ករណីនេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឱ្យស្នងការនគរបាលខេត្តព្រៃវែង អនុវត្តគោលការណ៍ចំនួន៣។ទី១-ឃាត់ខ្លួនជនសង្ស័យនិងផ្អាកការងារ។ទី២-បញ្ជូនឯកសារទាំងស្រុងទៅតុលាការចាត់ការ តាមច្បាប់និងទី៣-ឱ្យស្នងការសួរសុខទុក្ខ និងសុំទោសដល់គ្រួសារ ព្រមទាំងដោះស្រាយ គោលនយោបាយសម្រាប់ព្យាបាល៕ដោយ៖វិចិត្រ