អន្តរជាតិ

ឥណ្ឌាបំបែកកំណត់ត្រាពិភពលោកដោយមានអ្នករាំរបាំប្រពៃណីជាង១ម៉ឺននាក់រួមគ្នា

ដោយ៖ សហការី

ប្រទេសឥណ្ឌាបានបំបែកកំណត់ត្រាពិភពលោក ដែលមានអ្នកចូលរួមរាំរបាំប្រពៃណីជាង១ម៉ឺននាក់​រួមគ្នា ជាប្រវត្តិសាស្រ្តមិនធ្លាប់មានពីមុនមក។

សារព័ត៌មានចិនស៊ិនហួរបានចុះផ្សាយនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២៣ ថា ការសម្តែងរបាំ Bihu ដ៏ធំបំផុតមិនធ្លាប់មាននៅរដ្ឋ Assam នៃភាគឦសានរបស់ប្រទេសឥណ្ឌា បានបង្កើតកំណត់ត្រាពិភពលោកជាប្រវត្តិសាស្ត្រ។ ការសម្តែងនេះធ្វើឡើងនៅកីឡដ្ឋាន Sarusajai នៃទីក្រុង Guwahati ជាទីក្រុងដ៏សំខាន់ក្នុងរដ្ឋ Assam។

អ្នករៀបចំកម្មវិធីបានឲ្យដឹងថា មានអ្នករាំ និងអ្នកវាយស្គរចំនួន ១១,៣០៤ នាក់បានរួមគ្នាសំដែងរបាំ Bihu។ ក្រុមដ៏ធំបំផុតរបស់អ្នកវាយស្គរ Assamese មានគ្នា ២,៥៤៨នាក់ ក៏បានសម្តែងជាមួយអ្នករាំបានបំបែកកំណត់ត្រាពិភពលោក ដែលកាលពីមុនមានគ្នាត្រឹមតែ ១,៣៥៨

តែប៉ុណ្ណោះ។ អ្នកសំដែងមកពីគ្រប់ទិសទីនៃរដ្ឋ Assam បានធ្វើការសម្តែងនៅចំពោះមុខអ្នកវិនិច្ឆ័យមកពី Guinness World Records។

ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះត្រូវបានប្រារព្ធធ្វើឡើងដោយរដ្ឋាភិបាលគ្រប់គ្រងរដ្ឋ Assam ។

លោក Himanta Biswa Sarma ប្រធានរដ្ឋ Assam បានពណ៌នាអំពីព្រឹត្តិការណ៍នេះថា វាជាការសូត្រមន្តដ៏ធំបំផុតក្នុងទម្រង់របាំប្រជាប្រិយ។ Sarma បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា “យើងបានបំបែកកំណត់ត្រាពិភពលោកសម្រាប់ការរាំ Bihu ក៏ដូចជា Bihu dhol ព្រមជាមួយនឹងអ្នករាំ និងអ្នកវាយស្គរដែលមានគ្នាច្រើនបំផុត នៅក្នុងកន្លែងតែមួយជាមួយគ្នាតែម្តងមិនធ្លាប់មាន។

ក្រុមមន្ត្រីបាននិយាយថា អ្នកតំណាងមកពីសៀវភៅកំណត់ត្រាពិភពលោកហ្គីណេសនឹង​ប្រគល់វិញ្ញាបនបត្រដល់រដ្ឋាភិបាល អាសាម នៅថ្ងៃសុក្រ ក្រោមវត្តមានរបស់នាយករដ្ឋមន្រ្តី Narendra Modi ដែលបច្ចុប្បន្នកំពុងបំពេញទស្សនកិច្ចនៅរដ្ឋភាគឦសានក្នុងប្រទេសឥណ្ឌា។

របាំ Bihu គឺជារបាំប្រពៃណីដ៏ពេញនិយមនៅទូទាំងរដ្ឋ Assam ជាពិសេសរបាំនេះត្រូវបានគេសម្តែង​នៅក្នុងពិធីបុណ្យនិទាឃរដូវសម្រាប់ថ្ងៃចូលឆ្នាំ Assamese ដែលគេប្រារព្ធឡើងនៅ​ពាក់កណ្តាលខែមេសា៕