អន្តរជាតិ

អេហ្ស៊ីប​យល់ព្រម​ផ្គត់ផ្គង់​សព្វាវុធ​ឲ្យ​អ៊ុយក្រែន​ក្រោយ​កិច្ចចរចា​ជាមួយអាម៉េរិក

អេហ្ស៊ីបយល់ព្រមផ្គត់ផ្គង់សព្វាវុធឲ្យអ៊ុយក្រែន ផ្អាកចោលការផលិតអាវុធឲ្យរុស្ស៊ី ក្រោយបានជួបចរចាជាមួយសហរដ្ឋអាម៉េរិក។

នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Washington Post។ ប្រភពនេះបាននិយាយថា កាលពីសប្តាហ៍មុនប្រធានាធិបតីអេហ្ស៊ីប Abdel Fattah el-Sisi គ្រោងនឹងផលិតគ្រាប់រ៉ុក្កែតចំនួន ៤០០០០ គ្រាប់សម្រាប់ប្រទេសរុស្ស៊ី។ ប៉ុន្តែយ៉ាងណា​នៅក្នុង​របាយការណ៍​ថ្មី​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ – ផ្អែកលើ​ឯកសារ​របស់​មន្ទីរ​បញ្ចកោណ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​តាម​អ៊ីនធឺណិត កាសែត​នេះ​បាន​និយាយថា អេហ្ស៊ីបបាន​ផ្អាក​ការជំរុញ​ផលិតនោះវិញហើយ​តាំងពី​ដើមខែមីនា​មកម្ល៉េះ។ កាសែត Washington Post បាននិយាយថា អេហ្ស៊ីបបានប្តូរចិត្តមកយល់ព្រមលើការលក់គ្រាប់កាំភ្លើងធំ​ទៅឱ្យសហរដ្ឋអាម៉េរិក “សម្រាប់ការផ្ទេរទៅអ៊ុយក្រែន” ដោយហៅការផ្លាស់ប្តូរនេះថាជា “ការឈ្នះការទូតជាក់ស្តែង” សម្រាប់រដ្ឋបាលរបស់ប្រធានាធិបតី Joe Biden ។

រដ្ឋបាលលោក Biden បាននិងកំពុងព្យាយាមប្រមូលផ្តុំសម្ព័ន្ធមិត្ត ដើម្បីផ្តល់ជំនួយអ៊ុយក្រែន ដោយព្រមានប្រទេសនានាជុំវិញពិភពលោក ប្រឆាំងនឹងការជួយដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាម​របស់រុស្ស៊ី ឬរំលោភលើការដាក់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងទីក្រុងមូស្គូ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា