អន្តរជាតិ

ប៉ូឡូញនឹងដំឡើងកាមេរ៉ាសុវត្ថិភាពប្រហែល៣ពាន់គ្រឿងនៅរបងព្រំដែនជាប់រុស្ស៊ី

ប្រទេសប៉ូឡូញនឹងដាក់ដំឡើងកាមេរ៉ាសុវត្ថិភាពពិសេសប្រហែល ៣ពាន់គ្រឿងនៅលើរបង​ព្រំដែនជាប់នឹងរុស្ស៊ី ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់។

ដំណឹងនេះត្រូវបានប្រកាសដោយប្រធានក្រសួងមហាផ្ទៃប៉ូឡូញ Mariusz Kamiński កាលពីថ្មីៗនេះ។ ឧបករណ៍ចាប់សញ្ញាចលនា និងកាមេរ៉ាឃ្លាំមើលសុវត្ថិភាពពិសេសប្រហែល ៣ ពាន់គ្រឿង ពិតជានឹងត្រូវបានដាក់ដំឡើងនៅតាមបណ្តោយរបងព្រំដែនទាំងមូលនៃព្រំដែនប៉ូឡូញជាមួយតំបន់ Kaliningrad ប្រទេសរុស្ស៊ី។ ចំណាត់ការនេះ ធ្វើឡើងក្នុងគោលបំណងដើម្បី ចងក្រងជាព័ត៌មានរបាយការណ៍ និងការពារទប់ស្កាត់ការឆ្លងដែនជនអន្តោប្រវេសន៍ខុសច្បាប់​ណាមួយ។

ប៉ូឡូញបានដំឡើងរបងលួសបន្លានៅតាមព្រំដែនជាមួយរុស្ស៊ីនាពេលកន្លងទៅ ចាប់តាំងពីមានការព្រួយបារម្ភថាវិមានក្រឹមឡាំងនឹងរៀបចំផែនការដូចទៅនឹងគម្រោងការឈ្លានពានប្រទេសអ៊ុយក្រែនបញ្ជូនអ្នកជនចំណាកស្រុកមករស់នៅចាប់ដីក្នុងប្រទេសប៉ូឡូញ។ សហភាពអឺរ៉ុបក៏បានចោទប្រកាន់ប្រទេសបេឡារុសពីការធ្វើផែនការស្រដៀងគ្នានេះផងដែរ៕

ប្រភព៖ NEXTA

ប្រភពរូប៖NEXTA
ប្រែសម្រួល៖សុខ តុលា