សន្ដិសុខសង្គម

បញ្ជូនជនសង័្សយ៥នាក់ទៅតុលាការករណីកាប់បុរស២នាក់ឱ្យរងរបួសធ្ងន់

បាត់ដំបង៖សមត្ថកិច្ចបានចាប់ជនសង័្សយ៥នាក់ ករណីប្រើឧបករណ៍ឆក់ត្រីនិងយកកាំបិតវែង កាប់លើបុរស២នាក់បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបញ្ជូនទៅតុលាការនៅថ្ងៃនេះ។

មន្ត្រីនគរបាលបានឱ្យដឹងថា កាលពីថ្ងៃទី១៧ ខែមេសា នៅម្តុំវាលស្រែបឹងយាយទូច ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មានក្រុមជនសង្ស័យប្រើឧបករណ៍ឆក់ត្រីនិងយកកាំបិតវែង​កាប់លើបុរស២នាក់ឱ្យរងរបួសធ្ងន់។

ក្រោយមានហេតុការណ៍ សមត្ថកិច្ចចុះស្រាវជ្រាវ ឃាត់ខ្លួនជនសង័្សយបានចំនួន៥នាក់។ក្នុងនោះមានឈ្មោះ សាន់ វណ្ណៈ-អំ ភារ័ត្ន-សូត្រ សារឿប- ផៃសុផាន់ណា និងឈ្មោះផៃ សុផាន់ណៃ។ពួកគេមានអាយុពី២២ដល់៣៤ឆ្នាំ នៅភូមិឃុំខាងលើ។ ពេលឃាត់ខ្លួន កម្លាំងជំនាញបានដកហូត​សម្ភារវត្ថុតាង-កាំបិតវែង១-អាំងវែទ័រឆក់ត្រី១គ្រឿង-អាគុយ៤០អំពែ១និងដងឈើសម្រាប់ឆក់ត្រី១គូ។

គួររំលឹកថា មុនកើតហេតុ ក្រុមជនសង័្សយបានប្រើឧបករណ៍ឆក់ត្រីក្នុងបឹងមួយ បណ្តាលឱ្យផ្អើលហ្វូងទាចិញ្ចឹមដែលជនរងគ្រោះកំពុងមើលថែនៅទីនោះ។ឃើញសកម្មភាពបទល្មើស ជនរងគ្រោះក៏បានស្រែកថាចាប់ៗ ជាហេតុធ្វើឱ្យពួកអ្នកឆក់ត្រីភ័យផ្អើលរត់ចែកផ្លួវគ្នា។

មួយសន្ទុះក្រោយមកពួកឆក់ត្រីបានវិលមកវិញមានទាំងកាន់កាំបិតផង ក៏កាប់លើជនរងគ្រោះ បណ្តាលឱ្យរបួសធ្ងន់២នាក់តែម្តង ។ជនរងគ្រោះឈ្មោះ ឆៃ កក្កដា អាយុ ១៧ឆ្នាំនិងឈ្មោះឈៀង វាសនា អាយុ១៩ឆ្នាំ។២នាក់នេះនៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល៕ដោយ៖វិចិត្រ