សន្ដិសុខសង្គម

បញ្ជូនក្រុមឧក្រិដ្ឋជនចាប់បង្ខាំងចិនដូចគ្នាជំរិតទារលុយ១០លានដុល្លារទៅតុលាការ

ភ្នំពេញ៖សមត្ថកិច្ចបានចាប់ក្រុមឧក្រិដ្ឋជន៥នាក់ដែលបង្ខាំងចិនដូចគ្នាជំរិតទារលុយប្រមាណ១០លានដុល្លារ ត្រូវបានបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។

មន្ដ្រីសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី១៨ ខែមេសា តំណាងអយ្យការបានបើកការស៊ើបសួរក្រុមឧក្រិដ្ឋជនជាតិចិនចំនួន៥នាក់ ដែលចាប់ខ្លួនពាក់ព័ន្ធ បង្ខាំងចិនដូចគ្នាដើម្បីជំរិតទារលុយប្រមាណ១០លានដុល្លារ នៅអគារស្កាយវីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

ក្រុមឧក្រិដ្ឋជនបន្តការសាកសួរដោយមិនទាន់ចោទប្រកាន់ជាផ្លូវការនៅឡើយទេ។ក្នុងនោះបទចោទដែលសមត្ថកិច្ចបានបញ្ជូនមកករណីចាប់បង្ខាំងមនុស្សជំរិតទារលុយត្រូវបានតំណាងអយ្យការរក្សានៅដដែល។

គួរបញ្ជាក់ថា ករណីចាប់បង្ខាំងមនុស្សជំរិតទារលុយប្រមាណ១០លានដុល្លារនេះ បានកើតឡើងកាលពីរំលងអធ្រាត្រចូលថ្ងៃទី១២ ខែមេសា។ ពេលនោះក្រុមជនសង្ស័យមានគ្នា​ចំនួន៥នាក់ បានប្រើរថយន្តម៉ាក Vellfire ផ្លាកលេខភ្នំពេញ 2BQ-0560 ជាផ្លាកលេខក្លែងក្លាយនិងផ្លាកលេខភ្នំពេញ 2BT-1768 ប្រដាប់ដោយអាវុធគ្រប់ដៃ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន សំណាង ប្រធាននាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យអ្នកសារព័ត៌មានដឹងថា ក្រោយទទួលបានបណ្ដឹងពីក្រុមគ្រួសារជនរងគ្រោះ កម្លាំងជំនាញបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះបង្ក្រាបករណីនេះកាលពីយប់ថ្ងៃទី១៣ ខែមេសា៕ដោយ៖វិចិត្រ