សន្ដិសុខសង្គម

បញ្ជាឱ្យផ្អាកការងារអធិការរងស្រុកម្នាក់និងបញ្ជូនសំណុំរឿងទៅតុលាការ

ព្រៃវែង៖ក្រោយផ្ទុះអាវុធធ្វើឱ្យពលរដ្ឋម្នាក់រងរបួសពេលបង្ក្រាបល្បែងជល់មាន់នោះ នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាឱ្យផ្អាកតួនាទីអធិការរងស្រុកបាភ្នំម្នាក់ ហើយត្រូវបញ្ជូនសំណុំរឿង​ទៅតុលាការ។

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែងបានឱ្យដឹងកាលពីរសៀល​ថ្ងៃទី១៨ ខែមេសាថា “នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេតសាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឱ្យផ្អាកការងារបណ្ដោះអាសន្នអធិការរងស្រុកបាភ្នំ និងបញ្ជូនសំណុំរឿងទៅតុលាការ ករណីផ្ទុះអាវុធធ្វើឱ្យពលរដ្ឋរងរបួសម្នាក់ពេលចុះបង្ក្រាបល្បែងជល់មាន់”។

គួររំលឹកថា កម្លាំងនគរបាលស្រុកបាភ្នំ ខេត្តព្រៃវែងបានចុះបង្ក្រាបទីតាំងលួចលេងល្បែងស៊ីសង​ខុសច្បាប់ ប្រភេទមាន់ជល់នៅភូមិគ្រួស ឃុំឈើកាច់។ពេលចុះបង្ក្រាបនោះអ្នកលេងល្បែងម្នាក់បានឡើងម៉ូតូប្រុងបើករត់ ប៉ុន្តែលោកអនុសេនីយ៍ឯកស៊ាង ប៊ុនណាល់ អធិការរងស្រុកបាភ្នំក៏បានស្រែក និងដកអាវុធខ្លីគំរាមឱ្យពួកគាត់ឈប់។

លោកអធិការរងក៏បានទៅឃាត់ឈ្មោះ សាន វិច្ឆិកា អាយុ៣៦ឆ្នាំកំពុងនៅលើម៉ូតូក៏កើតការ ប្រតាយប្រតប់គ្នាធ្វើឱ្យរាលកៃកាំភ្លើងផ្ទុះ១គ្រាប់ត្រូវចំឈ្មោះ សាន វិច្ឆិកា រងរបួសតែម្ដង៕ដោយ៖វិចិត្រ