សន្ដិសុខសង្គម

ត្រៀមបញ្ជូន២នាក់ករណីឆក់ទូរសព្ទធ្វើឱ្យម្ចាស់រងរបួសទៅតុលាការ

តាកែវ៖កម្លាំងនគរបាលបានស្ទាក់ចាប់ជនសង្ស័យ២នាក់ ក្រោយពីឆក់ទូរសព្ទតាមផ្លូវនិងបង្កឱ្យជនរងគ្រោះដួលម៉ូតូដែលជិះឌុបគ្នា៤នាក់ឱ្យរងរបួស ត្រៀមបញ្ជូនទៅតុលាការ។ហេតុការណ៍នេះកើតឡើងនៅភូមិអង្គត្នោតខាងលិច ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី១៨ ខែមេសា។

លោកឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់បានឱ្យដឹងថា មានករណីឆក់ទូរសព្ទតាមដងផ្លូវដែលបង្កឡើងដោយជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាកនិចគ្មានផ្លាកលេខនិងប្រដាប់ដោយកាំបិត១។

ជនសង្ស័យឈ្មោះ ម៉ម សុខ អាយុ១៨ឆ្នាំនិងឈ្មោះថន លីហ្សា អាយុ១៧ឆ្នាំ។ពួកគេនៅភូមិសេកយានិងភូមិអង្គត្នោតខាងកើត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ចំណែកស្រ្តីរង គ្រោះឈ្មោះឆែត ស្រីនាង អាយុ២៥ឆ្នាំ-ឈ្មោះ រឿនចម្រើន អាយុ២៥ឆ្នាំនៅភូមិឃុំខាងលើនិងមានក្មេង២នាក់ទៀត បានរងរបួសដោយសារដួលម៉ូតូព្រោះតែចោរឆក់ទូរសព្ទ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចបានចេញអន្តរាគមន៍ភ្លាមៗដោយចាប់ជនសង្ស័យ២នាក់ ជាមួយម៉ូតូ១គ្រឿងនិងកាំបិត១ ហើយកសាងសំណុំរឿងបញ្ជូនបន្ត៕ដោយ៖វិចិត្រ