អន្តរជាតិ

តៃវ៉ាន់ថាខ្លួននឹងបើកការិយាល័យតំណាងនៅប្រទេសអ៊ីតាលីនៅរដូវក្តៅនេះ

តៃវ៉ាន់ប្រកាសថា ខ្លួននឹងបើកការិយាល័យតំណាងថ្មីនៅទីក្រុង Milan ប្រទេសអ៊ីតាលីនៅរដូវក្តៅនេះ បន្ថែមពីលើមជ្ឈមណ្ឌលពាណិជ្ជកម្មដែលខ្លួនមានរួចហើយ។

នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ក្រសួងការបរទេសតៃវ៉ាន់ហៅកាត់ថា MOFA បាននិយាយថា ខ្លួនបានសម្រេចចិត្តបើកការិយាល័យថ្មីមួយទៀត ដោយពិចារណាលើទំនាក់ទំនងញឹកញាប់ និងមិត្តភាពរវាងតៃវ៉ាន់និងអ៊ីតាលី ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការអប់រំ បច្ចេកវិទ្យា និងទេសចរណ៍។ អ៊ីតាលី​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​បួន​របស់​តៃវ៉ាន់​ក៏ដូចជា​ជា​តួអង្គ​នយោបាយ​សំខាន់​នៅ​អឺរ៉ុប​។ ដូច្នេះហើយ អ៊ីតាលីមានឋានៈសំខាន់ណាស់សម្រាប់តៃវ៉ាន់។

គម្រោងថ្មីនេះ គឺជាការពិតដែលថាមានមជ្ឈមណ្ឌលពាណិជ្ជកម្មតៃវ៉ាន់មួយមុនមានរួចហើយ​នៅក្នុងទីក្រុង Milan នឹងបំពេញបន្ថែមឲ្យកាន់តែបំពេញផលប្រយោជន៍ជាតិ ហើយជើងហោះហើរ EVA Air ក៏បានបង្កើតផ្លូវហោះហើរថ្មីពីតៃប៉ិទៅ Milan កាលពីខែតុលាឆ្នាំមុនផងដែរ។ អាស្រ័យដូចបានជម្រាបជូនខាងលើ តៃវ៉ាន់ជឿជាក់ថា ការបើកការិយាល័យតំណាងតៃប៉ិនៅទីក្រុង Milan នឹងជួយឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការអាជីវកម្ម និងការធ្វើដំណើរ ព្រមទាំងជួយសម្រួលដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មបន្ថែមទៀតរវាងតៃវ៉ាន់ និងអ៊ីតាលី។

ក្រសួងរំពឹងថានឹងរកបុគ្គលិកចំនួនប្រាំនាក់ថ្មីដាក់នៅការិយាល័យនោះ។ ចំពោះកាលបរិច្ឆេទបើក​ដំណើរការគឺអាស្រ័យទៅលើពេលវេលាថាតើជួលបុគ្គលិកបានឆាប់ ឬយ៉ាងណា និងមួយវិញទៀត ដោយសារតែការិយាល័យស្ថិតក្នុងដំណើរការជួលមិនទាន់សម្រេច។ ជុំវិញដំណឹងនេះ គេមិនបានទទួលការព្រមានណាមួយពីសំណាក់ចិននៅឡើយទេ៕

ប្រភព៖ Taiwannews

ប្រភពរូប៖ Taiwannews
ប្រែសម្រួល៖សុខ តុលា