សន្ដិសុខសង្គម

ជិះម៉ូតូឌុបគ្នាជ្រុលបុករថយន្តពីក្រោយបណ្តាលឱ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់

កំពង់ឆ្នាំង៖បុរស២នាក់ជិះម៉ូតូឌុបគ្នាយ៉ាងលឿន ជ្រុលទៅបុករថយន្តពីក្រោយពេញទំហឹង បណ្តាលឱ្យដួលស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់ ត្រូវបានគេដឹកទៅមន្ទីរពេទ្យភ្លាមៗ។គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅលើផ្លូវជាតិលេខ៥ ម្តុំស្ពានសាបអង្កាម ឋិតក្នុងភូមិថ្មកែវ ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីល្ងាចថ្ងៃទី១៨ ខែមេសា។

មន្ត្រីនគរបាលចរាចរណ៍ស្រុករលាប្អៀរបានឱ្យដឹងថា មុនកើតហេតុ មានម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខបាត់ដំបង1 X 3505  អ្នកបើកបរឈ្មោះ ខែម ប៊ុនធឿន អាយុ ២១ឆ្នាំរងរបួសធ្ងន់និងអ្នករួមដំណើរឈ្មោះ ម៉ុម សុថុល អាយុ២៥ឆ្នាំបានស្លាប់។ជនរងគ្រោះទាំង២នៅភូមិបុសមាស ឃុំ ពពេល ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ចំណែកខាងរថយន្តមិនស្គាល់អត្តសញ្ញាណក្រោយកើតហេតុបានបន្ថែមល្បឿនបើកគេចបាត់។បន្ទាប់មកសមត្ថកិច្ចជំនាញបានយកម៉ូតូទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីបន្តនីតិវិធី។ចំណែកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យ៕ដោយ៖វិចិត្រ