អន្តរជាតិ

ក្រពើ២ក្បាលដ៏កាចសាហាវខាំបុរសម្នាក់ស្ទើរស្លាប់ក្រោយមកត្រូវប៉ូលិសបាញ់សម្លាប់

ដោយ៖ សហការី

ក្រពើដ៏កាចសាហាវ២ក្បាលបានខាំបុរសអាយុ៧២ម្នាក់ស្ទើរស្លាប់ ក្រោយមកត្រូវមន្ត្រីអភិរក្សសត្វព្រៃ​បាញ់សម្លាប់។

Daily mail កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៣បានឲ្យដឹងថា បុរសម្នាក់រស់នៅក្នុងរដ្ឋផ្លរីដា រងរបួសជើងចាប់ពីក្រោមជង្គង់ខាងស្តាំ ដោយសាររងនូវការវាយប្រហារពីសត្វក្រពើដ៏គួរឱ្យរន្ធត់ ក្រោយមកក្រពើពីរក្បាលនោះត្រូវបានមន្ត្រីជំនាញបាញ់សម្លាប់។ ក្នុងចំណោមក្រពើ២ក្បាលមានក្រពើ​មួយ​ក្បាលដែលបានងាប់ទៅហើយនោះ ​នៅខាំជាប់​បំណែកជើង​របស់ជនរងគ្រោះ​នៅ​នឹង​មាត់របស់វា។

ជនជាតិអាម៉េរិកខាងលើមិនត្រូវបានគេបង្ហាញពីអត្តសញ្ញាណ កំពុងធ្វើការនៅខាងក្រៅផ្ទះជាមួយប្រពន្ធ និងឆ្កែរបស់គាត់ Titusville កាលពីរសៀលថ្ងៃសុក្រ ខណៈនោះក៏មានក្រពើដ៏ធំមួយបាន​ផុសចេញពីប្រឡាយទឹក វាក៏រត់សំដៅមកខាំតែម្តង។ ជនរងគ្រោះដែលវិះនឹងស្លាប់ដោយសារការវាយប្រហាររបស់សត្វក្រពើ ត្រូវបានគេបញ្ជូនតាមយន្តហោះទៅកាន់មន្ទីរពេទ្យនៅទីក្រុង Melbourne។ ជើងដែលរងរបួសត្រូវបានពេទ្យសម្រេចកាត់ចេញ ចំណែក ភរិយានិង​ឆ្កែ​របស់​គាត់មិន​មាន​រងរបួស​នោះទេ។

នៅពេលដែលអ្នកតំណាងមកពីការិយាល័យតម្រួតខោនធី Brevard បានមកដល់ផ្ទះរបស់គាត់ដែលមានទីតាំងនៅ Great Outdoors Nature, RV និង Golf Resort ពួកគេបានរកឃើញសត្វក្រពើនៅក្នុងទឹកដោយមានពាំបំណែកជើងរបស់បុរសនោះលានចេញពីមាត់របស់វា។  សត្វក្រពើដ៏សែនកាចសាហាវទាំងនេះត្រូវបានគេបាញ់សម្លាប់ដោយក្រុមមន្ត្រីមកពីគណៈកម្មការអភិរក្សត្រី និងសត្វព្រៃរដ្ឋផ្លរីដា (FWC)។ WESH បានរាយការណ៍ថា បន្ទាប់ពីពួកគេបាញ់ទៅលើសត្វក្រពើដ៏ធំចំនួនបួនគ្រាប់គេក៏ឃើញមានឈាមបាញ់ចេញពីក្នុងទឹក ក្រោយមកក្រពើតូចទីពីរបានផុសចេញមក ភ្លាមនោះក្រុមមន្រ្តីក៏បានបាញ់សម្លាប់វាជាមួយគ្នាផងដែរ។ នៅពេលដែលគេអូសពួកវាដល់មាត់ច្រាំង មន្ត្រីអភិរក្សសត្វព្រៃបានយកបំណែកជើង​របស់បុរសរងគ្រោះចេញពីមាត់ក្រពើមកវិញ៕