អន្តរជាតិ

តៃវ៉ាន់ប្រកាសទិញមីស៊ីលប្រឆាំងនាវាពីអាម៉េរិក៤០០ដើម ត្រៀមទុកបាញ់ចិន

រដ្ឋបាលកោះតៃវ៉ាន់ ប្រកាសថានឹងទិញមីស៊ីលប្រឆាំងកប៉ាល់ចំនួន៤០០ដើមពីសហរដ្ឋអាម៉េរិក ដើម្បីទុកត្រៀមក្នុងការប៉ះទង្គិចណាមួយជាមួយចិន។

ទន្ទឹមនឹងស្ថានការណ៍បរិវេណដែនទឹកកោះតៃវ៉ាន់កំពុងឡើងកម្តៅ ក្រោយប្រធានាធិបតីតៃវ៉ាន់លោកស្រីសៃអ៊ីងវិនបានធ្វើដំណើរទៅជួបប្រធានសភាអាម៉េរិកធ្វើឲ្យចិនខឹងសម្បានាពេលចុងក្រោយនេះ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍នៅថ្ងៃចន្ទនេះថា តៃវ៉ាន់នឹងទិញមីស៊ីល Harpoon សម្រាប់បាញ់ចេញពីដីទៅកប៉ាល់ចំនួន៤០០ដើមពីសហរដ្ឋអាម៉េរិក ដើម្បីត្រៀមទប់ទល់នឹងចិន ក្នុងការប៉ះទង្គិចណាមួយ។ ​របាយការណ៍របស់ Bloombergនេះបាននិយាយដោយដកស្រង់សម្តីលោក Rupert Hammond-Chambers ប្រធានផ្នែកកិច្ចការធុរកិច្ចជំនួញអាម៉េរិក-តៃវ៉ាន់ដែលជាលើកដំបូងសម្រាប់ប្រព័ន្ធបាញ់ចល័តនេះ។

មន្ទីរបញ្ចកោណបានប្រកាសកិច្ចសន្យាតម្លៃ ១.១៧ ពាន់លានដុល្លារសម្រាប់កាំជ្រួចប្រឆាំងនាវាចំនួន ៤០០ ដើមតាំងពីថ្ងៃទី ៧ ខែមេសាមកម្ល៉េះ តែមិនបានបញ្ចេញឈ្មោះអ្នកទិញឡើយ ដោយនិយាយថាការផលិតត្រូវបានគេរំពឹងថានឹងបញ្ចប់នៅខែមីនា ឆ្នាំ ២០២៩ ៕

ប្រភព៖ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា