អន្តរជាតិ

ហ្សេឡិនស្គីបើកកិច្ចប្រជុំស្តីពីការផ្គត់ផ្គង់អាវុធបន្ថែមដល់អ្នកតស៊ូអ៊ុយក្រែន

ចំពេលដែលមានការបង្ហូរឈាមគ្នាខ្លាំងនៅក្រុងបាក់មុតខេត្តដូណេតភាគខាងកើត ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គី បានបើកកិច្ចប្រជុំបន្ទាន់ស្តីពីការផ្គត់ផ្គង់​អាវុធបន្ថែមដល់អ្នកតស៊ូអ៊ុយក្រែន។

យោងតាមកាសែតUkrainska Pravda បានឲ្យដឹងថា ការពិភាក្សាបានធ្វើឡើងកាលពីថ្ងៃចន្ទទី ១៧ ខែមេសាសប្តាហ៍នេះ។ មេបញ្ជាការនៃក្រុមប្រតិបត្តិការ និងយុទ្ធសាស្ត្រនៃកងកម្លាំង Khortytsia, Tarviia, Odesa និង Pivnich (ខាងជើង)បានរាយការណ៍អំពីសកម្មភាពប្រយុទ្ធនៅក្នុងតំបន់ទទួលខុសត្រូវ​របស់ពួកគេនីមួយៗ។ សមាជិកនៃបុគ្គលិកបានពិភាក្សាអំពីបញ្ហាចម្បងនៃការផ្តល់ឱ្យកងកម្លាំង​ការពារជាតិអ៊ុយក្រែននូវសព្វាវុធ និងគ្រាប់រំសេវ ជាពិសេសអាវុធដែលផលិតនៅអ៊ុយក្រែន។ ស្ថានភាពនៃកិច្ចសន្យាជាមួយក្រុមហ៊ុនផលិតអ៊ុយក្រែន និងការរំពឹងទុកសម្រាប់ការបង្កើនទំហំនៃការ ផលិតក្នុងស្រុកនៃគ្រប់ប្រភេទមីស៊ីលទាំងអស់។

កិច្ចប្រជុំធ្វើឡើងចំពេលដែលមានសេចក្តីរាយការណ៍ថា សមរភូមិភាគខាងកើតកំពុងតានតឹង​ខ្លាំងបំផុតមិនធ្លាប់មាន ដោយរុស្ស៊ីបាញ់ផ្លោងស្លាប់ជនស៊ីវិលជាច្រើននាក់។ ទាហានស៊ីឈ្នួលរុស្ស៊ីបានអះអាងយ៉ាងជឿជាក់ថា បានចូលមកដល់កណ្តាលក្រុងបាក់មុត និងដណ្តើមបាន២ចំណុចបន្ថែមទៀតនៃបាក់មុត៕

ប្រភព៖ Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា