សន្ដិសុខសង្គម

មិនទាន់ចាប់បានបុរសវៀតណាមចាក់សម្លាប់វៀតណាមដូចគ្នានៅឡើយ

កណ្តាល៖រហូតមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់ចាប់បានជនដៃដល់ជនជាតិវៀតណាមម្នាក់ ប្រើកន្ត្រៃចាក់វៀតណាមដូចគ្នាឱ្យស្លាប់នោះនៅឡើយ។

សមត្ថកិច្ចបានឱ្យដឹងថា ករណីចាក់សម្លាប់គ្នានោះបានកើតឡើងក្នុងសហគមន៍ក្រុមជនជាតិ វៀតណាមរស់នៅ ឋិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ កាលពីល្ងាចថ្ងៃទី១៦ មេសា។ជនសង្ស័យឈ្មោះ ង្វៀង យ៉ាងថាយ អាយុ២១ឆ្នាំ។ចំណែកជនរងគ្រោះបាត់បង់ជីវិតឈ្មោះ ដាំង យ៉ាំងហ៊ុង អាយុ៣៨ឆ្នាំ។ពួកគេជាជនជាតិវៀតណាមនៅភូមិឃុំខាងលើ។

ប្រភពដដែលបានបន្តថា ក្រោយពីផឹកស៊ីស្រវឹងរៀងៗខ្លួនក៏ប៉ះសម្តីបង្កជាជម្លោះវាយតប់គ្នា ជនសង្ស័យបានប្រើកន្ត្រៃចាក់គូទំនាស់ចំចុងដង្ហើម ឆ្អឹងជំនីរក្រោមក្លៀកខាងឆ្វេង និងខ្នងត្រង់បោះដៃផុត៤កន្លែង ។បន្ទាប់ពីធ្វើសកម្មភាពរួចជនដៃដល់ក៏ឱ្យគេឌុបតាមម៉ូតូទៅ ឈប់នៅមុខផ្សារផ្លាហ្សា ស្រុកកៀនស្វាយ ហើយឡើងជិះផាស្អេបទៅភ្នំពេញគេចខ្លួនបាត់តែម្តង។រីឯជនរងគ្រោះត្រូវក្រុមគ្រួសារដឹកយកទៅមន្ទីរពេទ្យភ្នំពេញហើយក៏ស្លាប់៕ដោយ៖វិចិត្រ