អន្តរជាតិ

មនុស្ស១១នាក់ខ្យល់គរស្លាប់នៅឥណ្ឌាក្នុងកម្មវិធីចែករង្វាន់កណ្តាលថ្ងៃក្តៅ

មនុស្ស១១នាក់បានស្លាប់ដោយខ្យល់គរនៅប្រទេសឥណ្ឌា បន្ទាប់ពីបានចូលរួមកម្មវិធីចែករង្វាន់​កណ្តាលថ្ងៃក្តៅខ្លាំងនៅថ្ងៃអាទិត្យកន្លងទៅនេះ។

តាមប្រភពសារព័ត៌មានរ៉យទ័របានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១១ នាក់បានស្លាប់​កាលពីថ្ងៃអាទិត្យចុងសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីទទួលរងអាការខ្យល់គរដាច់សរសៃឈាម​ក្នុងខួរក្បាលនៅក្នុងព្រឹត្តិការណ៍ចែករង្វាន់មួយដែលមានការចូលរួមដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌានៅជាយក្រុង Mumbai។ ប្រមុខរដ្ឋ Maharashtra លោក Eknath Shinde បានប្រាប់អ្នកយកព័ត៌មាន​កាលពីយប់ថ្ងៃអាទិត្យថា មនុស្សប្រហែល ៥០ នាក់ផ្សេងទៀតក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ​ភ្លាមៗផងដែរ តែអ្នកស្លាប់មានតែ១១នាក់នេះទេ។

ការិយាល័យអាកាសធាតុបាននិយាយកាលពីខែកុម្ភៈឆ្នាំនេះថា ប្រទេសឥណ្ឌាទំនងជានឹងជួប​ប្រទះនឹងរលកកម្ដៅនៅចន្លោះខែមីនា និងខែឧសភា ខណៈដែលព្រឹត្តិការណ៍នេះត្រូវបាន​ប្រារព្ធឡើងនៅខាងក្រៅវាល នៅពេលរសៀល ដែលសីតុណ្ហភាពអតិបរមាបានកត់ត្រាគឺ ៣៨អង្សាសេជាធម្មតាសម្រាប់ពេលវេលានេះ៕

ប្រភព៖ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា