អន្តរជាតិ

ពូទីនធ្វើដំណើរមកតំបន់កំពង់ផែឃើសនអ៊ុយក្រែន បង្កការភ្ញាក់ផ្អើល

ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ា ឌឹមៀរពូទីន នៅថ្ងៃអង្គារទី ១៨មេសានេះ ត្រូវបានគេរាយការណ៍មកថា បានធ្វើដំណើរទស្សនកិច្ចបង្កការភ្ញាក់ផ្អើលក្នុងតំបន់កំពង់ផែឃើសនអ៊ុយក្រែនភាគខាងត្បូង។

នេះបើយោងតាមការចុះផ្សាយដោយបណ្តាញសារព័ត៌មានរ៉យទ័រ នៅថ្ងៃអង្គារទី ១៨ខែមេសា​ឆ្នាំ២០២៣នេះ ។ វិមានក្រឹមឡាំងបាននិយាយថា ថ្ងៃទី១៨ ខែមេសា ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានទៅទស្សនាទីបញ្ជាការយោធាក្នុងប្រទេសអ៊ុយក្រែននៅតំបន់ឃើសន ដែលគ្រប់គ្រងដោយរុស្ស៊ី ជាកន្លែងដែលលោកបានពិភាក្សាអំពី    សង្គ្រាមជាមួយឧត្តមសេនីយ៍ម្នាក់មកពីកងទ័ព​ជើងអាកាសរបស់រុស្ស៊ី ដែលបានរាយការណ៍ថាបានកាន់តួនាទីថ្មីដ៏មានឥទ្ធិពលក្នុងការឈ្លានពាន។ ក្នុងឯកសណ្ឋានស្លៀកពាក់អាវធំពណ៌ខៀវចាស់ លោកពូទីនអាយុ ៧០ ឆ្នាំរូបនេះ ត្រូវបានបង្ហាញនៅលើកញ្ចក់ទូរទស្សន៍រដ្ឋរុស្ស៊ីចុះពីឧទ្ធម្ភាគចក្រយោធានៅប្រទេសអ៊ុយក្រែនដែលគ្រប់គ្រងដោយរុស្ស៊ីនិងស្វាគមន៍មេបញ្ជាការយោធាជាន់ខ្ពស់។ ពេលវេលាម៉ោងប៉ុន្មានមិនត្រូវបានគេបញ្ជាក់ឲ្យដឹងនោះទេ។

វិមានក្រឹមឡាំងបាននិយាយថា លោកពូទីនបានចូលរួមកិច្ចប្រជុំបញ្ជាការយោធានៅក្នុងតំបន់ Kherson ។ គាត់បានឮរបាយការណ៍ពីមេបញ្ជាការនៃកងកម្លាំងអាកាស និងក្រុមកងទ័ព “Dnieper” និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតអំពីស្ថានភាពនៅក្នុងតំបន់ Kherson និង Zaporizhzhia តំបន់រោងចក្រនុយក្លេអ៊ែរ ដែលទីក្រុងទាំងពីរបានប្រកាសថាជាផ្នែកមួយនៃប្រទេសរុស្ស៊ី។ លោកពូទីនបានប្រាប់ក្រុមមេបញ្ជាការថា “វាមានសារសំខាន់សម្រាប់ខ្ញុំក្នុងការស្តាប់​យោបល់របស់អ្នកអំពីរបៀប ដែលស្ថានភាពកំពុងអភិវឌ្ឍន៍ ស្តាប់អ្នក ផ្លាស់ប្តូរព័ត៌មាន”។

សេចក្តីរាយការណ៍បន្ថែមថា លោកពូទីនក៏បានទៅទស្សនាទីស្នាក់ការឆ្មាំជាតិនៅក្នុងតំបន់ Luhansk របស់អ៊ុយក្រែននៅភាគខាងកើត Donbas ដែលទីក្រុងមូស្គូក៏បានអះអាងផងដែរថា​បានបញ្ចូលជាមួយតំបន់ Donetsk ដែលនៅជាប់គ្នានោះ។

ដំណើរទស្សនកិច្ចនេះបានធ្វើឲ្យអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិហាក់ភ្ញាក់ផ្អើល ព្រោះទីនោះសុទ្ធតែទីតាំងអសន្តិសុខ ។ យ៉ាងណា មិនទាន់មានមតិលើកឡើងណាមួយថាពូទីន​ក្លែងក្លាយនោះទេ៕

ប្រភព៖ REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា