សន្ដិសុខសង្គម

បុរសវិបល្លាសស្មារតីម្នាក់យកកន្ត្រៃកាត់ខ្សែភ្លើងបណ្តាលឱ្យឆក់ស្លាប់

កំពត៖បុរសម្នាក់បានយកកន្ត្រៃកាត់ខ្សែភ្លើងបណ្តាលឱ្យឆក់ស្លាប់ទាំងមិនមានអ្នកណាបានឃើញ។ ហេតុការណ៍នេះបានកើតឡើងនៅភូមិកែបថ្មី សង្កាត់បឹងទូក ក្រុងបូកគោ កាលពីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣។

មន្ត្រីនគរបាលក្រុងបូកគោបានឱ្យដឹងថា បុរសដែលស្លាប់ក្នុងករណីនេះឈ្មោះ ចាន់ ឈិន អាយុ ៧៧ឆ្នាំនៅភូមិសង្កាត់កើតហេតុខាងលើ ជាមនុស្សមានជំងឺវង្វេងស្មារតី។

សមត្ថកិច្ចបានរៀបរាប់ថា កាលពីវេលាម៉ោងជាង៧ព្រឹកថ្ងៃទី១៨ ខែមេសា នគរបាលមូលដ្ឋានបានទទួលដំណឹងពីករណីបុរសម្នាក់ស្លាប់នៅស្ថានីយប្រេងឥន្ធនៈភីធីធីក្នុងភូមិកែបថ្មី សង្កាត់បឹងទូក។ភ្លាមៗ កម្លាំងសមត្ថកិច្ច និងក្រុមគ្រូពេទ្យបានទៅដល់កន្លែងកើតហេតុ​ក៏ឃើញកន្ត្រៃមួយនៅជាប់នឹងខ្សែភ្លើង។ ចំណែកសពមានស្លាកស្នាមពីរកន្លែងត្រង់ម្រាម​ចង្អុលដៃខាងស្ដាំ និងខាងឆ្វេង។

ប្រភពដដែលបានបញ្ជាក់ថា តាមរយ:ការពិនិត្យស្លាកស្នាម និងការបំភ្លឺពីសាក្សី សមត្ថកិច្ចសន្និដ្ឋានថាជនរងគ្រោះគឺបានស្លាប់ដោយសារខ្សែភ្លើងឆក់ មិនពាក់ព័ន្ធនឹងឃាតកម្មបង្កឡើងដោយជនណាម្នាក់ឡើយ៕ដោយ៖កំចាយ