សន្ដិសុខសង្គម

បុរសម្នាក់ជិះម៉ូតូបុកគល់ស្ពានអាកាសបណ្តាលស្លាប់មួយរំពេច

ភ្នំពេញ​៖បុរសម្នាក់​ជិះម៉ូតូយ៉ាងលឿនជ្រុលទៅបុកគល់ស្ពានអាកាសចោមចៅ ពេញទំហឹងបណ្តាលឱ្យ​ស្លាប់មួយរំពេចយ៉ាងអាណោចអាធ័ម។គ្រោះថ្នាក់ចរាចរនេះបានកើតនៅតាមផ្លូវជាតិលេខ៣ ឋិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមេសា។

សមត្ថកិច្ចគោលដៅបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ ឆាយ​ រដ្ឋា​ អាយុ៤២ឆ្នាំ​ កន្លែងកំណើត​សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ។

មុនកើតហេតុ ជនរងគ្រោះបើកម៉ូតូម៉ាកស្គុបពីផ្លាកលេខភ្នំពេញ1KA-2294​  តាមផ្លូវជាតិលេខ៣​ពីត្បូងទៅជើង។មកដល់កន្លែងខាងលើក៏ជ្រុលទៅបុកចំគល់ស្ពានអាកាសចោមចៅ បណ្តាលឱ្យស្លាប់ភ្លាមៗ។ បន្ទាប់មកសមត្ថកិច្ចបានទាក់ទងរកសាច់ញាតិជនរងគ្រោះឱ្យមកទទួលសព​យកទៅធ្វើបុណ្យ៕ដោយ៖វិចិត្រ