សេដ្ឋកិច្ច

ចូលឆ្នាំ រយៈពេល៣ថ្ងៃកម្ពុជា​ទទួលបាន​ទេស​ចរ​សរុប​ជាង ១៣​លាន​នាក់​

ដោយៈផាវី

​ភ្នំពេញ​៖​ក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹងថា​៖ រយៈពេល​៣​ថ្ងៃ នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ចាប់ពី​ថ្ងៃទី​១៤-១៦ ខែមេសា ឆ្នាំ​២០២៣ នៅ​ទូទាំងប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ​សរុប ១៣,១៨៧,៧៧១​នាក់ ក្នុងនោះ​៖​ភ្ញៀវ​ជាតិ ១៣.១៣២.០៨០ នាក់​និង ភ្ញៀវ​អន្តរជាតិ ៥៥.៦៩១ នាក់​។​

​សម្រាប់​តួលេខ​ប្រចាំថ្ងៃ រួមមាន​៖​ថ្ងៃទី​១៤ ខែមេសា​៖ ភ្ញៀវ​មាន​ចំនួន ២.០៩៨.៥០១ នាក់ ,​ថ្ងៃទី​១៥ ខែមេសា​៖៤.២៣៧.​៧៨០​ នាក់​និង​ថ្ងៃទី​១៦ ខែមេសា​៖ ៦.៨៥១.៤៩០ នាក់​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ​រយៈពេល​០៣​ថ្ងៃនេះ រួមមាន​៖
− ខេត្តសៀមរាប ២.១២០.៣៧៣ នាក់​
− ខេត្តបាត់ដំបង ១.៥០០.១៦៨ នាក់​
− ខេត្តកំពង់ចាម ១.៤០៨.៨១១ នាក់​
− រា​ធានី​ភ្នំពេញ ១.០៨០.៥០៩ នាក់​
− ខេត្ត​ព្រះសីហនុ ៨៨៧.៨៩៣ នាក់​
− ខេត្តកំពត ៨៧០.៣៩៩ នាក់​
− ខេត្តស្វាយរៀង ៧៦០.៣៩៩ នាក់​
− ខេត្តកំពង់ឆ្នាំង ៧៣៩.១៥៩ នាក់​
− ខេត្តបន្ទាយមានជ័យ ៦៥០.០១៣ នាក់​
− ខេត្តកំពង់ស្ពឺ ៥១២.៨៩៨ នាក់​

​ជាការ​កត់សម្គាល់របស់ក្រសួងទេសចេណ៍ រួមមាន​៖
− ចំនួន​ភ្ញៀវទេសចរ និង​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១៣ លាន​នាក់ ក្នុង​រយៈពេល​៣​ថ្ងៃនេះ គឺជា​ចំនួន​មួយ​ដ៏​ច្រើន​លើសលុប​លើស​ពី​ការរំពឹងទុក និង​ច្រើនជាង​ពេលមុន​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​ទៅទៀត​។​
− ចំនូ​ន​ភ្ញៀវ​ទាំង​ជាង ១៣​លាន​នាក់​នេះ គឺ​រដ្ឋបាល​រាជធានី ខេត្ត រាប់បញ្ចូល​ចំនួន​ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​កម្សាន្ត​នៅតាម​រមណីយ​ដ្ឋាន និង​គោលដៅ​ទេសចរណ៍​ទូទាំងប្រទេស ចំនួន​បងប្អូន​ប្រជាជន​ដែល​បាន​ចូលរួម​លេង​កម្សាន្ត​នៅតាម​ទីតាំង​ដែលមាន​ការរៀបចំ​កម្ម​វិធី​សង្ក្រាន្ត ព្រមជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​លេង​កម្សាន្ត​នៅតាម​ភូមិ​ស្រុក និង​កន្លែង​ជួបជុំ​នានា​។​
− ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែលជា​ខួប​១០​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេ​ជោ​នាយករដ្ឋ​មន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត និង​ការរៀបចំ​កម្មវិធី​សង្ក្រាន្ត​នៅ​គ្រប់​រាជធានី​ខេត្ត ពិសេស​នៅតាម​ទីប្រជុំជន​ទី​រួម​ខេត្ត ទីរួមស្រុក តំបន់​គោលដៅ​ទេសចរណ៍​សំខាន់ៗ វត្ត​អារាម និង​នៅតាម​ភូមិ​ស្រុក​នានា គឺជា​កត្តា​ដែល​បាន​ទាក់ទាញ​ឲ្យ​ភ្ញៀវទេសចរ និង​បងប្អូន​ប្រជាពលរដ្ឋ​ដើរ​កម្សាន្ត​យ៉ាងច្រើន​កុះករ ស្រប​ពេលដែល​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​នៃ​ពិធីបុណ្យ​៣​ថ្ងៃនេះ បណ្តា​រាជធានី​ខេត្ត​បាន​បង្កើន​ទំហំ​នៃ​ការជួបជុំ​កម្សាន្ត​កម្មវិធី​សង្ក្រាន្ត​នៅតាម​ទីប្រជុំជន​សំខាន់ៗ ដូចជា​ការបន្ថែម​ឡានទឹក​សម្រាប់​បាញ់​ទឹក​កម្សាន្ត និង​ការប្រគុំ​តន្ត្រី​បន្ថែម​ជាដើម​។​
− ទន្ទឹមនឹងនេះ សកម្មភាព​នៃ​ការដើរ​កម្សាន្ត​របស់​ភ្ញៀវ និង​បងប្អូន​ប្រជាពលរដ្ឋ មាន​តាំងពី​ពេលព្រឹក​រហូតដល់​យប់​អា​ធ្រា​តុ ពិសេស​ការកម្សាន្ត​បាញ់​ទឹក លាបម្សៅ និង​ចាក់​ភ្លេង​កម្សាន្ត​ជាដើម​។​
− ចរន្ត​ភ្ញៀវទេសចរ​ដ៏​ច្រើន​នេះ បាន​បង្កើតជា​ផលប្រយោជន៍​សេដ្ច​កិច្ច​ដ៏​ច្រើន​ទាំង​នៅ​ថ្នាក់ជាតិ និង​នៅតាម​មូលដ្ឋាន​។ បណ្តា​សណ្ឋាគារ ផ្ទះសំណាក់ និង​សេវា​ស្នាក់នៅ​ផ្សេងៗ​នៅ​ស្ទើរ​គ្រប់​ខេត្ត បានទទួល​ភ្ញៀវ​ស្ទើរ​ពេញ​ស្ទើរ ១០០%​។ ទន្ទឹមនឹងនេះ បណ្តា​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន ក៏មាន​ភ្ញៀវ​ចូល​ពេញៗ​ក្នុង​រយៈពេល​៣​ថ្ងៃនេះ ដែលមាន​ភាពខុសគ្នា​ធៀប​នឹង​ពេល​កំពុងមាន​វិបត្តិ​កូ​វីដ​-១៩​ខ្លាំង ដែល​ពួកគាត់​ភាគច្រើន​បានរៀបចំ​ម្ហូបអាហារ​ដោយ​ខ្លួនឯង​សម្រាប់​បរិភោគ​។
− វិស័យ​ឯកជន​បាន​សំដែង​ការរីករាយ​ជា​ពន់ពេក​ចំពោះ​ចរន្ត​ភ្ញៀវ​ដ៏​ច្រើន​លើសពី​ការរំពឹងទុក​នាឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​នេះ និង​បន្ត​មាន​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​ការ​ងើប​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍ ខណៈដែល​ឆ្នាំ​២០២៣ គឺជា​ឆ្នាំ​ទស្សនា​កម្ពុជា Visit Cambodia Year​។​
− សភាពការណ៍​សន្តិសុខ សណ្តាប់​ធា្ន​ប់ សុវត្ថិភាព ការគ្រប់គ្រង​ចរន្ត​ភ្ញៀវ និង​ការគ្រប់គ្រង​គុណភាព និង​តម្លៃ​សេវា​ទេសចរណ៍​នានា មាន​ភាពល្អប្រសើរ​ច្រើន បើទោះបី​មាន​បញ្ហា​ចោទឡើង​តិចតួច ខណៈដែល​កំលាំង​មាន​សមត្ថកិច្ច ទាំង​នៅ​ថ្នាក់ជាតិ និង​គណៈបញ្ជាការ​ឯកភាព​រាជធានី​ខេត្ត បាន​អនុវត្ត​ការងារ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​។​
− ប្រជាពលរដ្ឋ​ទូទៅ ពិសេស​យុវជន សិស្ស​-​និស្សិត និង​កម្មករ កម្ម​ការី មាន​សេចក្តី​រីករាយ និង​ថ្លែ​អំណរគុណ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បានអនុញ្ញាត​ឲ្យ​មានការ​ដឹកជញ្ជូន​តាម​រថយន្តក្រុង​សាធារណៈ​ដោយ​ឥតគិតថ្លៃ​សម្រាប់​ការធ្វើដំណើរ​ទៅមក​ស្រុកកំណើត​។

​ជារួមក្រសួងបានវាយ​តំលៃ​បាន​ថា ចរន្ត​ភ្ញៀវ​ដ៏​ច្រើន​កុះករ​មិន​ធ្លាប់មាន​ក្នុងឱកាស​ចូលឆ្នាំ​នេះ គឺ​បានមកពី​ការជឿជាក់​លើ​ភាពស៊ាំ​សហ​គមន៍​ក្នុងការ​គ្រប់គ្រង​ជំងឺ​កូ​វីដ​-១៩ ការរៀបចំ​ព្រឹត្តិការណ៍​កម្សាន្ត​ដ៏​សំបូរបែប ពិសេស​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត និង​ការធានាបាន​នូវ​សុខសន្តិភាព​ពេញលេញ​ដែល​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ដើរ​កម្សាន្ត​បាន​ទូទាំងប្រទេស​៕​