សន្ដិសុខសង្គម

កំពុងបន្តនីតិវិធីលើចិនម្នាក់បើករថយន្តបុកស្លាប់២នាក់ របួសធ្ងន់៧នាក់

ពោធិ៍សាត់៖ បុរសចិនម្នាក់ស្រវឹងបើករថយន្តបុកម៉ូតូ២គ្រឿងនិងមនុស្សឈរចិញ្ចើមផ្លូវ បណ្តាលឱ្យស្លាប់២នាក់ និងរងរបួសធ្ងន់៧នាក់។ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅលើផ្លូវជាតិលេខ៥៥ ក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីយប់ថ្ងៃទី១៦ ខែមេសា។

លោកវរសេនីយ៍ឯក ធាង ឡេង អធិការនគបាលស្រុកវាលវែងបានឱ្យដឹងនៅរសៀលថ្ងៃទី១៧ ខែមេសាថា គ្រោះថ្នាក់ចរាចរនេះបង្កឡើងដោយរថយន្តបុកម៉ូតូ២គ្រឿងនិងមនុស្សកំពុងឈរ បណ្តាលឱ្យស្លាប់២នាក់ភ្លាមៗនិងប្រុសស្រី៧នាក់ទៀតរងរបួសធ្ងន់។

ជនរងគ្រោះដែលស្លាប់ឈ្មោះ ជួន កក្កដា អាយុ២៥ឆ្នាំ នៅឃុំក្រពើ២ ស្រុកវាលវែង បើកម៉ូតូម៉ាកហុងដា។ឈ្មោះ វ៉ាន់ ដេវិត អាយុ១៤ឆ្នាំ នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ម៉ូតូម៉ាកហុងដា។ ចំណែកជនរងគ្រោះកំពុងឈររបួសធ្ងន់ ឈ្មោះ មៃ សៀងហៃ អាយុ១៧ឆ្នាំ-ឈ្មោះឆេង ជាសុផារ៉ា អាយុ២៣ឆ្នាំ- ផុន ស្រីលាភ ភេទស្រី អាយុ១៩ឆ្នាំ- អ៊ុត សុវ៉ាន់ណារ៉ា អាយុ១៨ឆ្នាំ- ចាន់ វេត អាយុ១៤ឆ្នាំ- ធី យ៉ាង អាយុ១៩ឆ្នាំ និងឈ្មោះ.ប៊ុនជុំ អាយុ៦៧ឆ្នាំ។ពួកគេនៅខេត្តពោធិ៍សាត់និងខេត្តបាត់ដំបង។

ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់រថយន្តផ្លាកលេខភ្នំពេញ 2BS-2152 ជាមួយអ្នកបើកបរជាជនជាតិចិន ឋិតក្នុងភាពស្រវឹង ហើយនាំយកទៅអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តនីតិវិធី៕ដោយ៖វិចិត្រ