អន្តរជាតិ

អ៊ុយក្រែនរាយការណ៍ពីការប្រយុទ្ធបង្ហូរឈាមដែលមិនធ្លាប់មានពីមុនមកនៅក្រុង Bakhmut

អ៊ុយក្រែនរាយការណ៍ពីការប្រយុទ្ធបង្ហូរឈាមគ្នាមិនធ្លាប់មាននៅទីក្រុងបាក់មុត ខេត្តដូណេត ភាគខាងកើត ខណៈដែលខាងទាហានស៊ីឈ្នួលរុស្ស៊ីអះអាងថាបានទទួលប្រៀបថ្មី ដណ្តើមបានពីរចំណុចបន្ថែមទៀត។

នេះដោយយោងទៅតាមលោក Serhiy Cherevatyi អ្នកនាំពាក្យនៃបញ្ជាការយោធាភាគខាងកើតនៃ ប្រទេសអ៊ុយក្រែនបាននិយាយតាមរយៈទូរទស្សន៍រដ្ឋ 1+1 កាលពីថ្ងៃអាទិត្យទី ១៦ ខែមេសា ឆ្នាំ២០២៣។ “ការប្រយុទ្ធបង្ហូរឈាមដែលមិនធ្លាប់មានពីមុនមកក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ បានកំពុងកើតឡើងនៅកណ្តាលទីក្រុងបាក់មុតផ្ទាល់តែម្តង”។ “ទាហានខាងអ៊ុយក្រែនកំពុងធ្វើអ្វីគ្រប់បែបយ៉ាងនៅក្នុងការប្រយុទ្ធបង្ហូរឈាម និងដ៏កាចសាហាវ ដើម្បីកម្ទេចសមត្ថភាពប្រយុទ្ធរបស់រុស្ស៊ី”។ ទន្ទឹមនេះក៏មានសេចក្តីរាយការណ៍ពីចំនួនអ្នកស្លាប់ ដោយសារការវាយប្រហាររបស់រុស្ស៊ីធ្លោយចូលប៉ះលើអគារលំនៅដ្ឋានប្រជាជននៅត្រង់តំបន់ Sloviansk ក្បែរនោះបណ្តាឲ្យមានអ្នកស្លាប់កើនឡើង១១នាក់ផងដែរ។

យ៉ាងណាក៏ដោយ សម្រង់ពីខាងក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសន្និសីទខ្លីមួយ ដោយផ្ទុយថា “អង្គភាពវាយលុកទាហានស៊ីឈ្នួល Wagner បានរីកចម្រើនដោយជោគជ័យ ដោយចាប់យកសង្កាត់ចំនួនពីរនៅជាយក្រុងភាគខាងជើង និងភាគខាងត្បូង”។ ដោយបន្ថែមទៀតថា អង្គភាពទ័ពឆត្រយោងរបស់កងទ័ពរុស្ស៊ី ក៏កំពុងបញ្ចេញកម្លាំងចូលរួមក្នុងប្រតិបត្តិការ ជាមួយទាហានស៊ីឈ្នួលដែរ ជួយរារាំងកងកម្លាំងអ៊ុយក្រែនមួយចំនួននៅផ្នែកចំហៀង។

ដោយឡែក របាយការណ៍ពីចក្រភពអង់គ្លេសបាននិយាយនៅក្នុងការអាប់ដេតព័ត៌មានសម្ងាត់មួយ កាលពីចុងសប្តាហ៍ថា កងទ័ពអ៊ុយក្រែនត្រូវបានបង្ខំឱ្យប្រគល់ទឹកដីមួយចំនួននៅ Bakhmut ខណៈដែលរុស្ស៊ីបានបើកការវាយប្រហារជាថ្មីនៅទីនោះ ជាមួយនឹងការបាញ់កាំភ្លើងធំខ្លាំង ក្នុងរយៈពេលពីរថ្ងៃមុន៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា