អន្តរជាតិ

ស្លាប់៩៧នាក់, របួស៣៦៥នាក់ក្នុងការប្រយុទ្ធគ្នាកក្រើកប្រទេសស៊ូដង់

មនុស្សជិត១០០នាក់បានស្លាប់ ខណៈជាង៣០០នាក់រងរបួស ដោយសារការប្រយុទ្ធគ្នា​យ៉ាងកក្រើកប្រទេសស៊ូដង់នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។

យោងតាមការផ្ទៀងផ្ទាត់ និងចុះផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃចន្ទទី ១៧ ខែមេសា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា អ្នកស្លាប់ចុងក្រោយបានកើនឡើងដល់ទៅ ៩៧នាក់ ដោយអ្នករបួសវិញមានចំនួន ៣៦៥នាក់ ខណៈរបាយការណ៍ខ្លះនិយាយថាមានដល់ទៅ៦០០នាក់ បន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងជាង២ថ្ងៃ ពោលចាប់ផ្តើមឡើងតាំងពីថ្ងៃទី ១៥ ខែមេសាមកម្ល៉េះរវាងទាហានជាតិស៊ូដង់គាំទ្រដោយឧត្តមសេនីយ៍ Abdel Fattah al-Burhan ជាប្រធានក្រុមប្រឹក្សាអធិបតេយ្យភាពបណ្តោះអាសន្នរបស់ស៊ូដង់  និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) ដឹកនាំដោយឧត្តមសេនីយ៍ Mohamed Hamdan Dagalo ជាអនុប្រធានក្រុមប្រឹក្សា។

សារព័ត៌មានស៊ូដង់ និងអន្តរជាតិបានសម្រុករាយការណ៍ថា នៅព្រឹកថ្ងៃអាទិត្យ កាំភ្លើងធំត្រូវបានគេឮយ៉ាងទ្រហឹងនៅក្នុងទីប្រជុំជន Khartoum និងជុំវិញទីស្នាក់ការយោធា​របស់ប្រទេសស៊ូដង់ ក៏ដូចជាវិមានប្រធានាធិបតី។ ជាមួយនោះ មនុស្សម្នាបានផ្អើលរត់គេចរកជម្រក​ការពារគ្រាប់ ខណៈដែលសហរដ្ឋអាម៉េរិកបានប្រកាសឲ្យពលរដ្ឋខ្លួនប្រញាប់រកជម្រកសុវត្ថិភាព​បណ្តោះអាសន្ន។

បើទោះបីជាអង្គការសហប្រជាជាតិបានប្រកាសបទឈប់បាញ់រយៈពេលបីម៉ោងនៅរសៀលថ្ងៃអាទិត្យរវាងក្រុមទាំងពីរក៏ដោយ ប៉ុន្តែអ្នកស្រុកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ការផ្ទុះដ៏ខ្លាំង និងការបាញ់កាំភ្លើងនៅតែបន្ត ក៏ដូចជាការវាយប្រហារតាមអាកាសវាយលុកគោលដៅទៅលើ​ក្រុមទាហានប៉ារ៉ា RSF យ៉ាងសន្ធាប់។

លោក Saliman Baldo នាយក​អង្គការ​តម្លាភាព​និង​អ្នក​តាមដាន​គោលនយោបាយ​ស៊ូដង់ ដែល​ជា​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ​បាន​ប្រាប់​លោក James Butty អ្នកកាសែតនៃ VOA សំឡេងសហរដ្ឋអាម៉េរិកថា​៖ “នេះ​ហាក់​ដូចជា​ការ​ប្រយុទ្ធស្លាប់រស់ដល់ទីបញ្ចប់”។ “ឧត្តមសេនីយ៍ទាំងពីរបានចាត់ទុកគ្នាទៅវិញទៅមកថាជាឧក្រិដ្ឋជន និងចង់សម្លាប់គ្នា​ដោយមិនលើកលែង”៕

ប្រភព៖ REUTERS

ប្រភពរូប៖ REUTERS
ប្រែសម្រួល៖សុខ តុលា