សន្ដិសុខសង្គម

រថយន្តក្រុមតន្ត្រីបើកគេចម៉ូតូក្រឡាប់ អ្នកចម្រៀងស្រីម្នាក់ស្លាប់និងរបួស១២នាក់

ភ្នំពេញ៖រថយន្តដឹកឆាកតន្ត្រីពេលកំពុងបើកក្នុងល្បឿនលឿនបានគេចពីម៉ូតូហើយក្រឡាប់ បណ្តាលឱ្យអ្នកចម្រៀងស្រីម្នាក់ស្លាប់ និងមនុស្សប្រុសស្រីចំនួន១២នាក់ទៀតរងរបួស។គ្រោះថ្នាក់នេះបានកើតឡើងនៅផ្លូវ៦០ម៉ែត្រ ម្តុំវត្តជន្លង់ម្លូ ភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល កាលពីព្រឹកថ្ងៃទី១៧ ខែមេសា។

អ្នកឃើញហេតុការណ៍បានឱ្យដឹងថា​   ដំបូងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ផ្លាកលេខភ្នំពេញ3C-1335 របស់ក្រុមតន្ត្រីសម័យនៅភូមិស្តុកប្រិយ៍ ស្រុកបាទី ខេត្តតាកែវ ។រថយន្តខាងលើបើកបរដោយឈ្មោះ ទ្រល ក្រឹម អាយុ៣៥ឆ្នាំ ជាសិល្បករ។

មុនកើតហេតុ រថយន្តក្រុមតន្ត្រីនេះបានដឹកឆាកវិលត្រឡប់ពីកម្មវិធីនៅឯខេត្តព្រៃវែង​ឆ្ពោះទៅស្រុកបាទីវិញ ដោយបើកកាត់តាមផ្លូវ៦០ម៉ែត្រពីជើងទៅត្បូងក្នុងល្បឿនលឿន។មកដល់កន្លែងខាងលើបានគេចពីម៉ូតូ តៃកុងបានបួងចង្កូតបង្ខំក៏ក្រឡាប់បណ្តាលឱ្យ​ស្ត្រីអ្នកចម្រៀងម្នាក់ឈ្មោះស្រី កា អាយុ២១ឆ្នាំ បានស្លាប់និង១២នាក់ទៀតរងរបួសធ្ងន់៨នាក់ ស្រាល៤នាក់។

បន្ទាប់ពីកើតហេតុត្រូវបានរថយន្តសង្គ្រោះនៃអង្គភាព៧១១ កងពលតូចលេខ៧០ ចំនួន៦គ្រឿងជួយអន្តរាគមន៍ ដឹកអ្នករបួសទៅមន្ទីរពេទ្យភ្លាមៗ។សមត្ថកិច្ចក៏ហៅរថយន្តស្ទូចយករថយន្តក្រឡាប់នេះទៅទុកនៅអធិការដ្ឋានខណ្ឌកំបូល ដើម្បីបន្តនីតិវិធី៕ដោយ៖វិចិត្រ