សន្ដិសុខសង្គម

បើករថយន្តលឿនដល់ផ្លូវកោងជ្រុលធ្លាក់ទឹកអូរ តៃកុងស្លាប់និងរបួសធ្ងន់ម្នាក់

ប៉ៃលិន៖អ្នកបើកបររថយន្តក្នុងល្បឿនលឿន ដល់ផ្លូវកោងកាច់ចង្កូតមិនទាន់ ជ្រុលក្រឡាប់ធ្លាក់ទឹកអូរបណ្តាលឱ្យតៃកុងស្លាប់ រីឯស្ត្រីរួមដំណើរម្នាក់រងរបួសធ្ងន់។គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅត្រង់ផ្លូវកោង ឋិតក្នុងភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី១៦ ខែមេសា។

មន្ត្រីនគរបាលបានឱ្យដឹងថា បុរសបាត់បង់ជីវិតឈ្មោះម៉ៅ ណារិន អាយុ ៦៥ ឆ្នាំ ជាអ្នកបើកបរ។ស្ត្រីរួមដំណើរឈ្មោះ អេង ស្រស់ អាយុ ៣៥ ឆ្នាំរ ងរបួសធ្ងន់។ទាំង២នាក់នៅក្នុងភូមិចម្ការកាហ្វេ សង្កាត់ទួលល្វា ខេត្តប៉ៃលិន ។

មុនកើតហេតុ ជនរងគ្រោះធ្វើដំណើរចេញពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យតាមរថយន្ត ម៉ាក NISSAN FRONTER ផ្លាកលេខប៉ៃលិន2A 4031 មកខេត្តប៉ៃលិន។លុះដល់កន្លែងខាងលើត្រង់ផ្លូវកោងខ្លាំង ខណៈរថយន្តមានល្បឿនលឿនបានជ្រុលទៅបុកបង្គោលផ្លូវបាក់អស់២ដើមហើយក្រឡាប់ធ្លាក់ចូលក្នុងទឹកអូរបណ្តាលឱ្យមានអ្នកស្លាប់និងរបួសតែម្តង។

ក្រោយពីកើតហេតុ អុ្នករបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តប៉ៃលិនដើម្បីសង្គ្រោះបន្ទាន់។ចំណែកសាកសពក្រុមគ្រួសារបានយកទៅធ្វើបុណ្យ៕ដោយ៖វិចិត្រ