សន្ដិសុខសង្គម

បើកការស៊ើបអង្កេតក្រោយឃើញបុរសម្នាក់ស្លាប់កណ្តាលវាលស្រែ

តាកែវ៖កម្លាំងអាជ្ញាធរបានបើកការស៊ើបអង្កេត បន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញ​បុរសម្នាក់ស្លាប់កណ្តាលវាលស្រែ ដោយមិនទាន់ដឹងមូលហេតុនៅឡើយ។

ប្រភពព័ត៌មានបានឱ្យដឹងថា កាលពីព្រឹកទី១៧ ខែមេសានេះ អ្នកដំណើរបានប្រទះឃើញ​បុរសម្នាក់ស្លាប់នៅកណ្តាលវាលស្រែមួយឋិតក្នុងភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។បុរសដែលស្លាប់ត្រូវបានគេស្គាល់ឈ្មោះ ឈឿន សារាជ អាយុ២៩ឆ្នាំ ជាកសិករនៅភូមិឃុំខាងលើ។

អ្នកភូមិបានបានបន្តថា បុរសខាងលើនេះស្លាប់មិនមែនជាករណីឃាតកម្មនោះទេ ទំនងដោយសារមានជំងឺប្រចាំកាយ។នៅជិតសពមានធុងស្ពីត្រូ១និងមងសម្រាប់ដាក់យកត្រីផងដែរ។ប៉ុន្តែទោះជាយ៉ាងណា សមត្ថកិច្ចស្រុកបាទី បានបើកការស៊ើបអង្កេតក្នុងករណីនេះ​ដើម្បីស្វែងរកការពិត។

ក្រោយមកសមត្ថកិច្ចជំនាញនៃនគរបាលស្រុកបាទី បានធ្វើកោសល្យវិច័យរួចក៏បានប្រគល់សព​ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕ដោយ៖វិចិត្រ