អន្តរជាតិ

ជប៉ុនប្តេជ្ញារក្សាសុវត្ថិភាពដល់ក្រុមG7 ក្រោយការវាយប្រហារដោយគ្រាប់បែកផ្សែង

ក្រោយរួចជីវិតពីការវាយប្រហារដោយគ្រាប់បែកផ្សែងកាលពីចុងសប្តាហ៍ នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida បានប្តេជ្ញារក្សាសុវត្ថិភាពដល់ក្រុមឥស្សរជននៃប្រទេសG7។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្រោយរួចខ្លួនពីការវាយប្រហាររបស់ឧក្រិដ្ឋជន Ryuji Kimura អាយុ ២៤ ឆ្នាំ ក្នុងទីក្រុង Wakayama ភាគខាងលិចក្បែរទីក្រុង Osaka កាលពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២៣ នាយករដ្ឋមន្រ្តីជប៉ុនលោក Kishida បាននិយាយថា ប្រទេសជប៉ុនមិនត្រូវបានអនុញ្ញាតឱ្យមាន​អំពើហិង្សា ដែលវាយប្រហារលើមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យនោះទេ សន្តិសុខត្រូវតែបន្តឹងជាដាច់ខាត។ រដ្ឋមន្ត្រីក្រសួងបរិស្ថានជប៉ុន លោក Akihiro Nishimura បាននិយាយនៅសណ្ឋាគារមួយក្នុងទីក្រុងភាគខាងជើងប្រទេសជប៉ុន ដែលគាត់ធ្វើជាម្ចាស់ផ្ទះទទួលក្រុម G7 ថា “អសន្តិសុខកាន់តែគំរាមកំហែងនៅព្រឹកនេះ។ វាតានតឹងណាស់ ខ្ញុំគិតថាវានឹងពិបាកក្នុងការចេញចូលទីក្រុងរបស់សមភាគី G7។

យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេស G7 បានប្រមូលផ្តុំគ្នាកាលពីថ្ងៃអាទិត្យនៅទីក្រុងរមណីយដ្ឋាន Karuizawa ដោយសុវត្ថិភាព មិនមានសេចក្តីរាយការណ៍បន្ថែមពីគ្រោះថ្នាក់ ឬឧប្បត្តិហេតុដល់គណៈប្រតិភូណាម្នាក់ឡើយ។

ការបំផ្ទុះគ្រាប់បែកចុងក្រោយនេះ គឺជាការរំឭកដ៏គួរឱ្យភ័យខ្លាចនៃការធ្វើឃាតកាលពីខែកក្កដាឆ្នាំមុន​ទៅលើអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ដែលត្រូវបានបាញ់ដោយកាំភ្លើងច្នៃពេល​កំពុងធ្វើយុទ្ធនាការបោះឆ្នោតសភា។ តាមសម្ដីរដ្ឋមន្រ្តីបរិស្ថានជប៉ុន “អសន្តិសុខកាន់តែកើនឡើង ឆ្លុះបញ្ចាំងពីបញ្ហាប្រឈមកាន់តែខ្លាំងឡើងនៃការនៅក្នុងនយោបាយនាពេលបច្ចុប្បន្ននេះរបស់ជប៉ុន”៕

ប្រភព៖  REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា