សន្ដិសុខសង្គម

កំពុងស្រាវជ្រាវរកជនដៃដល់សម្លាប់បុរសម្នាក់ក្នុងចម្ការមុនថ្ងៃចូលឆ្នាំ

ស្ទឹងត្រែង៖សមត្ថកិច្ចកំពុងស្រាវជ្រាវរកជនដៃដល់សម្លាប់បុរសម្នាក់នៅក្នុងព្រៃ រហូតហើមស្អុយ​ទើបគេប្រទះឃើញកាលពីមុនថ្ងៃចូលឆ្នាំ មកដល់ថ្ងៃទី១៧ខែមេសានេះ សមត្ថកិច្ចមិនទាន់កំណត់​មុខសញ្ញាជនដៃដល់នៅឡើយទេ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែមេសា ប្រជាពលរដ្ឋរស់នៅភូមិកែស ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ បានរាយការណ៍ប្រាប់សមត្ថកិច្ចថាមានមនុស្សស្លាប់។អ្នកដែលស្លាប់គឺជាមនុស្សប្រុសមិនស្គាល់​អត្តសញ្ញាណប្រទះឃើញនៅម្តុំអូរខ្សាច់ ឃុំកាំងចាម។សពមានសភាពហើមស្អុយមើលពុំយល់។

លោកសែមស៊ីថា អធិការនគរបាលស្រុកថាឡាបរិវ៉ាត់បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានភ្លាម នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំកាំងចាម និងក្រុមចម្រុះស្រុក ខេត្តនិងផ្នែកជំនាញ ក្រុមគ្រូពេទ្យបានចុះពិនិត្យហើយបានបញ្ជាក់ថា សពអាក្រាតកាយផ្ងារពោះមានស្នាម​ត្រង់កដៃខាងឆ្វេងនិងរយះក្បាល។

ជុំវិញកន្លែងកើតហេតុមានស្នាមទក់ស្មៅទំនងជាការវាយតប់គ្នា។ហេតុដូចនេះសមត្ថកិច្ច សន្និដ្ឋានថាគឺជាអំពើឃាតកម្ម។មកដល់ពេលនេះសមត្ថកិច្ចនៅបន្តប្រកាសស្វែងរកសាច់ញាតិ​ជនរងគ្រោះដើម្បីមានពន្លឺកំណត់មុខសញ្ញាតាមចាប់ជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់៕ដោយ៖សុខុម