សន្ដិសុខសង្គម

កំពុងបន្តនីតិវិធីលើជនសង្ស័យ៣នាក់លួច​សម្ភារក្នុងឱកាសសង្ក្រាន្ដ​​​វត្ត​ភ្នំ

​ភ្នំពេញ៖សមត្ថកិច្ចបានចាប់ជនសង្ស័យ៣នាក់ ករណីបន្លំដើរលួចលូកខ្វេះយកទូរសព្ទជាង១០គ្រឿង, ខ្សែក និងលុយពីពលរដ្ឋដើរលេងសង្ក្រាន្តឆ្នាំថ្មីក្នុងបរិវេណវត្តភ្នំ និងកំពុងបន្តនីតិវិធី។ករណីនេះបានកើតឡើងនៅវត្តភ្នំ ខណ្ឌដូនពេញ កាលពីរសៀលថ្ងៃទី១៦ ខែមេសា។

បងប្អូនឋិតក្នុងការកម្សាន្តបែរជាមានទុក្ខព្រួយបានឱ្យដឹងថា មុនកើតហេតុ ពួកគាត់នាំគ្នា មកលេងសង្ក្រាន្តឆ្នាំថ្មីក្នុងបរិវេណវត្តភ្នំ។ពេលកំពុងសប្បាយលេងបាញ់ទឹក ប៉ាតម្សៅ និងរាំលេង ស្រាប់តែមានជនសង្ស័យ៣នាក់ អាយុប្រហែលជាង២០ឆ្នាំ បានមកបន្លំចូលលេងបាញ់ទឹក និងប៉ាតម្សៅលើក្មេងស្រីៗ។ពួកគេក៏ឆ្លៀតឱកាសខ្វេះយកទូរសព្ទ,ខ្សែកនិងលុយ។

ក្រោយពីដឹងថាបានបាត់បង់សម្ភារ ជនរងគ្រោះជាច្រើននាក់ក៏នាំគ្នាទៅប្តឹងសមត្ថកិច្ចដើម្បី សុំជួយស្វែងរកដែលជនខិលខូចបានធ្វើសកម្មភាពក្នុងបរិវេណវត្តភ្នំនេះ។បន្ទាប់មកកម្លាំងប្រចាំការ បានដើរល្បាតក៏ឃើញជនសង្ស័យ៣នាក់កំពុងអង្គុយរាប់ទូរសព្ទ។

ភ្លាមៗនោះសមត្ថកិច្ចបានឃាត់ខ្លួន ហើយឃើញមានខ្សែក,ទូរសព្ទ១៥គ្រឿងនិងលុយមួយចំនួន។ ក្រោយមកជនសង្ស័យទាំង៣នាក់ ត្រូវបានបញ្ជូនទៅប៉ុស្តិ៍នគរបាលសង្កាត់វត្តភ្នំដើម្បីសាកសួរ និងបន្តនីតិវិធី៕ដោយ៖វិចិត្រ