ព័ត៌មានជាតិ

អភិបាលខេត្តស្ទឹងត្រែងជំរុញឱ្យមានការចូលរួមសម្អាតទីក្រុង

ដោយ៖សុខុម

ស្ទឹងត្រែង៖លោកស្វាយ សំអ៊ាងអភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ជំរុញដល់មន្រ្តីរាជការគ្រប់ស្ថាប័ន្រក្នុងខេត្តប្រជាពលរដ្ឋនិងសិស្សានុសិស្សឱ្យចូលរួមទុកដាក់សំរាមនិងកាកសំណល់រឹងឱ្យបានត្រឹមត្រូវដើម្បីសម្អាតទីក្រុងរបស់យើង។

លោកអភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍បែបនេះគឺនៅក្នុងកម្មវិធីអបអរសាទរទិវាជាតិទីក្រុងស្ទឹងត្រែងស្អាតលើកទី១១ឆ្នាំ២០២៣អមជាមួយការប្រកាសជ័យលាភភីទីក្រុងស្អាតលើកទី៣ឆ្នាំ២០២២-២០២៥និងពិធីផ្សព្វផ្សាយយុទ្ធនាការទីក្រុងស្អាតឆ្ពោះទៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។ពិធីនេះរៀបចំដោយមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងកាលពីព្រឹកថ្ងៃទី១២ខែមេសាឆ្នាំ២០២៣អមដោយពាក្យស្លោកជាច្រើនផ្ទាំងយើងឃើញមានមន្រ្តីសិស្សានុសិស្សជាអ្នកឈរជាជួរនៅកណ្តាលទីប្រជុំជនរង្វង់មូលជាប់់មាត់ទន្លេសេកុង។

នៅក្នុងកម្មវិធីជួបជុំនោះគេឃើញមានបដាពាក្យស្លោកដ៏មានអត្ថន័យជាច្រើនដូចជា៖ប្រជាពលរដ្ឋគ្រប់រួបជាម្ចាស់នៃភាពស្អាតនិងបៃតងនៅតាមទីក្រុងរបស់ខ្លួន។ចូលរួមទាំងអស់គ្នាដើម្បីកម្ពុជាស្អាត កម្ពុជាបៃតង។ពលរដ្ឋគំរូចូលរួមគ្រប់គ្រងសំណល់ឱ្យបានត្រឹមត្រូវដើម្បីទីក្រុងស្អាត។ទីក្រុងស្អាតអនាម័យម្ហូបអាហារល្អ សុខភាពល្អទាំងអស់គ្នា។

លោកអ៊ន់ប៉ោសឿនប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានលើកឡើងពីសក្តានុពលទេសចរណ៍ជាច្រើនកន្លែងនៅទូទាំងខេត្តគឺជាភាពទាក់ទាញនិងចាប់អារម្មណ៍ភ្ញៀវមកលេងកម្សាន្ត។តំបន់ទេសចរណ៍សណ្ឋាគារផ្ទះសំណាក់ក៏ត្រូវតែមានការពាក់ព័ន្ធលើសេវាកម្មហើយត្រូវចូលរួមវេចខ្ចប់សំរាមទុកដាក់ឱ្យបានត្រឹមត្រូវ។

លោកសាយ កុសលអភិបាលក្រុងស្ទឹងត្រែងបានលើកឡើងថា បច្ចុប្បន្នសាលាក្រុងក៏មានរថយន្តសម្រាប់ប្រមូលសំរាមយកទៅចាក់ចោលបានទាន់ពេល។លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមសហការថែរក្សាអនាម័យដោយខ្លួនឯងផង។

ជាមួយនោះសិស្សសាលាមកពីវិទ្យាល័យចំនួន២ក្នុងខេត្តស្ទឹងត្រែងក៏បានបង្ហាញពីមតិផ្ទាល់ខ្លួនដែលពួកគេបានចួលរួមជាមួយកិច្ចការងារសង្គមគឺការចូលរួមថែរក្សាអនាម័យទីក្រុងស្អាតដើម្បីសុខភាពខ្លួនឯង៕