អន្តរជាតិ

អ៊ុយក្រែនបដិសេធរបាយការណ៍រុស្ស៊ីដែលថាគ្រប់គ្រងបាក់មុតបាន៨០ភាគរយ

រដ្ឋាភិបាលអ៊ុយក្រែនបដិសេធរបាយការណ៍រុស្ស៊ី ដែលថាគ្រប់គ្រងទីក្រុងបាក់មុតខេត្តដូណេត ភាគខាងកើតបាន៨០ភាគរយ ហើយថាកងកម្លាំងទីក្រុង Kyiv បានគ្រប់គ្រងត្រឹមតែជាង២០ភាគរយ ប៉ុណ្ណោះ។

លោក Serhiy Cherevatyi អ្នកនាំពាក្យនៃបញ្ជាការយោធាភាគខាងកើតអ៊ុយក្រែនបានចេញមក បកស្រាយ ឆ្លើយតបជាមួយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ(Reuters) មួយថ្ងៃបន្ទាប់ពីមេក្រុម ទាហានស៊ីឈ្នួលរុស្ស៊ី Wagner បានអះអាងថា កងកម្លាំងស៊ីឈ្នួលរបស់គាត់កំពុងរុលទៅមុខនៅ ក្នុងទីក្រុង បាក់មុតយ៉ាងលឿនគួរឲ្យកត់សម្គាល់។ Cherevatyi បាននិយាយថា “ខ្ញុំទើបតែបានទាក់ទងជាមួយមេបញ្ជាការនៃកងពលតូចមួយដែលកាន់កាប់ការការពារទីក្រុង” ហើយខ្ញុំអាចនិយាយដោយទំនុកចិត្តថា កងកម្លាំងការពាររបស់អ៊ុយក្រែនគ្រប់គ្រងភាគរយដ៏ធំនៃទឹកដី Bakhmut មិនមែនដូចរុស្ស៊ីលើកឡើងនោះទេ។

កាលពីថ្ងៃអង្គារ ប្រធាន Wagner លោក Yevgeny Prigozhin បាននិយាយថា កងកម្លាំងរបស់គាត់បានគ្រប់គ្រងភាគច្រើនជាង៨០ភាគរយនៃ Bakhmut រួមទាំងមជ្ឈមណ្ឌលរដ្ឋបាលទាំងមូល រោងចក្រ ឃ្លាំង និងអគារសាលាក្រុង។ Cherevatyi បាននិយាយថា “Prigozhin ត្រូវតែបង្ហាញយ៉ាងហោចណាស់ប្រភេទនៃជ័យជម្នះមួយចំនួននៅក្នុងទីក្រុង ដែលពួកគេកំពុងព្យាយាមចាប់យកអស់រយៈពេលប្រាំបួនខែជាប់ៗគ្នា ហើយនោះជាមូលហេតុដែលគាត់ធ្វើសេចក្តីថ្លែងការណ៍កុហកបែបនេះ”៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ ALJAZEERA
ប្រែសម្រួល៖សុខ តុលា