អន្តរជាតិ

សិស្សសាលាអាម៉េរិកបង្កើតក្តារដាក់អាហារដ៏វែងមិនធ្លាប់មាន

ដោយ៖សហការី

សិស្សសាលាមួយក្រុម និងគ្រូបង្រៀនម្នាក់បានបង្កើតក្តារដាក់អាហារដើម្បីទទួលទាន​មានប្រវែងវែងជាងគេបំផុត ជាប់កំណត់ត្រាពិភពលោក Guinness World Records។

នៅពេលថ្មីៗនេះកម្មវិធី Guinness បានបង្ហាញសកម្មភាពថ្មីប្លែកមួយទៀត គឺសិស្សសាលា១ក្រុម និងលោកគ្រូម្នាក់ឈ្មោះ Peter Wachtel មកពីវិទ្យាល័យ Adolfo Camarillo នៅ Camarillo រដ្ឋ California សហរដ្ឋអាម៉េរិក បានបង្កើតបន្ទះក្តារសម្រាប់ដាក់អាហារដែលកំពុងពេញនិយម មានប្រវែងវែងជាងគេរហូតដល់ ៦២.៣៨ ម៉ែត្រ នឹងបានបំបែកឯតទគ្គកម្មពិភពលោកកាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៣ ។

ក្ដារបន្ទះដ៏អស្ចារ្យដែលជាប់កំណត់ត្រាពិភពលោក ត្រូវបានធ្វើឡើងក្រោមស្នាដៃស្ថាបត្យកម្មច្នៃប្រឌិត ផលិតកម្មរបស់ ACHS និងលោកគ្រូបង្រៀនផ្នែករចនាបទគឺលោក Peter ដែលធ្លាប់ជាអ្នកផលិត​តុក្កតាអស់រយៈពេលជាង ២០ឆ្នាំមកហើយ មុនពេលដែលគាត់បានក្លាយទៅជាគ្រូបង្រៀន​នៅវិទ្យាល័យមួយនេះ។ គេចំណាយពេលអស់ជិតបីខែជុំវិញដំណើរការបង្កើតក្តារបន្ទះមួយនេះ ដោយមានជំនួយពីសិស្សចំនួន ៥០នាក់ ធ្វើការជាក្រុមអស់រយៈពេលជាង ១០០ម៉ោង។

សិស្សសាលាផ្នែកធ្វើម្ហូបក៏បានចូលរួមក្នុងការតំឡើងបន្ទះក្តារផងដែ ហើយក៏បានជួយរៀបចំ អាហារទម្ងន់ ៥០០ផោន តម្រៀបនៅលើក្តារបន្ទះយ៉ាងប្រុងប្រយ័ត្នបំផុត។ អាហារទាំងនោះមានដូចជាសាច់ ផ្លែឈើ គ្រាប់ធញ្ញជាតិនានា និងឈីសជាងប្រាំប្រភេទផ្សេងៗគ្នា។ សម្រាប់កម្មវិធីបំបែកកំណត់ត្រាពិភពលោក ឪពុកម្តាយ និងអាជីវករក្នុងស្រុកបានធ្វើការបរិច្ចាគលើការចំណាយគ្រប់យ៉ាង៕