អន្តរជាតិ

រុស្ស៊ីណែនាំច្បាប់ចុះឈ្មោះចូលបម្រើយោធាថ្មីតាមប្រព័ន្ធឌីជីថល ធ្វើឲ្យបុរសៗពិបាកគេចខ្លួន

សភារុស្ស៊ីណែនំាច្បាប់ចុះឈ្មោះចូលបម្រើកងទ័ពថ្មីតាមរយៈប្រព័ន្ធឌីជីថល កែប្រែពីក្រដាសធម្មតា ធ្វើឲ្យប្រជាពលរដ្ឋប្រុសៗពិបាកក្នុងការគេចវេះខ្លួន។

កាលពីដើមសប្តាហ៍នេះ សភារដ្ឋឌូម៉ា ដែលជាសភាជាន់ទាបរបស់រុស្ស៊ីបានអនុម័តច្បាប់ចុះឈ្មោះ ចាំបាច់មួយនៅក្នុងការបោះឆ្នោតពីរដាច់ដោយឡែកពីគ្នាក្នុងល្បឿនដ៏សែនលឿនដូចផ្លេកបន្ទោរ។ នៅក្រោមសំណើថ្មីនេះ ពាក្យកោះហៅធ្វើយោធានឹងត្រូវបានផ្ញើតាមសារអេឡិចត្រូនិកទៅកាន់ គណនីផ្ទាល់ខ្លួនរបស់អ្នកបម្រុងប្រុសៗ ដែលមានសក្តានុពលនៅលើការទាមទាររបស់រដ្ឋាភិបាល ក្នុងការចូលធ្វើទ័ព។ អ្នកដែលទទួលបានពាក្យ ត្រូវតែឆ្លើយតបវិញភ្លាមៗដោយមិនចាំទុកយូរនោះទេ តាមរយៈប្រព័ន្ធអេឡិចត្រូនិចឌីជីថលនោះ។

នៅក្រោមច្បាប់នេះ ពលរដ្ឋដែលខកខានមិនបានបង្ហាញខ្លួននៅការិយាល័យចុះឈ្មោះយោធា នឹងត្រូវហាមឃាត់ដោយស្វ័យប្រវត្តិ មិនឲ្យធ្វើដំណើរទៅក្រៅប្រទេស ហើយប្រឈមនឹងការរឹតបន្តឹងផ្សេងៗ ដើម្បីធ្វើឱ្យជីវិតរបស់ពួកគេមានភាពស្មុគស្មាញនៅក្នុង ប្រទេសរុស្ស៊ី។ លោក Andrey Kartapolov ប្រធានគណៈកម្មាធិការការពារជាតិបាននិយាយថា ច្បាប់ថ្មីនឹងអនុវត្តមិនត្រឹមតែចំពោះទាហានវ័យក្មេងប៉ុណ្ណោះទេ ប៉ុន្តែក៏ចំពោះបុរសទាំងអស់ ត្រូវទទួលខុសត្រូវចំពោះការបម្រើយោធាដែរ។ Kartapolov បាននិយាយនៅក្នុងសុន្ទរកថាតាម ទូរទស្សន៍ថា “សេចក្តីព្រាងសេចក្តីជូនដំណឹងនេះត្រូវបានគេគិតជាធរមានទទួលបាន ចាប់ពីពេលដែលវាត្រូវបានបង្ហោះផ្ញើទៅកាន់គណនីផ្ទាល់ខ្លួនរបស់បុគ្គលដែលត្រូវទទួលខុសត្រូវការចូលបម្រើយោធា”។

ជាមួយនឹងច្បាប់ថ្មីនេះ​អ្នកនយោបាយខ្លះបានត្អូញត្អែរថា ការផ្លាស់ប្តូរហាក់ដូចជាប្រញាប់ប្រញាល់ ខ្លាំងពេក ដោយមិនបានផ្តល់ឱ្យពួកគេនូវពេលវេលាគ្រប់គ្រាន់សម្រាប់ការត្រួតពិនិត្យ ពិសេសនឹងមើលទៅហាក់ដូចជាបង្ហាញពីកម្សោយខាតបង់នៅអ៊ុយក្រែន៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា