សន្ដិសុខសង្គម

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឱ្យស្លាប់២នាក់ របួសធ្ងន់២នាក់

ស្វាយរៀង៖ម៉ូតូ២គ្រឿងបើកក្នុងដំណើរបញ្ច្រាសទិសបានបុកគ្នាពេញទំហឹង បណ្តាលឱ្យ២នាក់ស្លាប់និង២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានដឹកអ្នករបួសទៅមន្ទីរពេទ្យសង្គ្រោះភ្លាមៗ។គ្រោះថ្នាក់ចរាចរដ៏រន្ធត់នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៣១៤D ឋិតក្នុងភូមិទួលត្របែកឃុំប្រសូត្រ  ស្រុកស្វាយទាប ខេត្តស្វាយរៀង កាលពីរសៀលថ្ងៃទី១២ ខែមេសា។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មុនកើតហេតុមានម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខភ្នំពេញ 1FW-9023បើកបរដោយឈ្មោះញ៉ែម ទិត្យ អាយុ៣៣ឆ្នាំ នៅ​ភូមិព្រៃទួល ស្រុកស្វាយទាប បានស្លាប់។អ្នករួមដំណើរឈ្មោះ យ៉ែម សាកូ អាយុ២៩ឆ្នាំ នៅភូមិក្រូច ស្រុករំដួល រងរបួសធ្ងន់។

ម៉ូតូខាងលើបើកពីត្បូងទៅជើង វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ក៏បុកជាមួយម៉ូតូមកពីមុខ ម៉ាកហុងដាឌ្រីមផ្លាកលេខភ្នំពេញ1O-3555 បើកបរដោយឈ្មោះ ម៉ឺន សុផាត អាយុ២២ឆ្នាំ នៅភូមិព្រៃវ័រ ស្រុកស្វាយទាប បានស្លាប់។អ្នករួមដំណើរឈ្មោះ ពេជ្រ ជាងឡុង អាយុ២៣ឆ្នាំ នៅភូមិរោទ៍ ស្រុកកំពង់រោទ៍ រងរបួសធ្ងន់។ពួកគេទាំង៤នាក់ជាកម្មកររោងចក្រនៅខេត្តស្វាយរៀង៕ដោយ៖វិចិត្រ