សន្ដិសុខសង្គម

បុរសម្នាក់ជិះម៉ូតូលឿនបានបុកអ្នកថ្មើរជើងបណ្ដាលឲ្យរងរបួសធ្ងន់

ភ្នំពេញ៖បុរសម្នាក់បានជិះម៉ូតូលឿនបានជ្រុលទៅបុកស្ត្រីម្នាក់កំពុងដើរតាមចិញ្ចើមផ្លូវ  បណ្តាលឱ្យដួល បោកក្បាលរយះចេញឈាមបាត់ស្មារតីរងរបួសធ្ងន់។គ្រោះថ្នាក់ចរាចរខាងលើនេះបានកើតឡើង នៅតាមផ្លូវបេតុង៣០ម៉ែត្រ ខាងជើងផ្សារទួលពង្រ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីម៉ោង១១ព្រឹកថ្ងៃទី១៣ ខែមេសា។

មន្ត្រីនគរបាលបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ សាន លក្ខិណា អាយុ២០ឆ្នាំ នៅបុរីអិលវី ក្បែរកន្លែងកើតហេតុ។កន្លែងកំណើតភូមិតាយឹង ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។

មុនកើតហេតុ នាងរងគ្រោះបានយកខោទៅដេរផ្ទះជាងនៅជិតទីនោះ។ពេលដើរត្រឡប់មកផ្ទះវិញ ស្រាប់តែបុរសម្នាក់បើកម៉ូតូម៉ាកឡេតផ្លាកលេខសៀមរាប1AG-9108 ក្នុងល្បឿនលឿន ពីត្បូងទៅជើងបានជ្រុលបុកអ្នកដំណើររូបនោះបណ្តាលដួលបោកក្បាលរងរបួសធ្ងន់។

បន្ទាប់ពីកើតហេតុ ស្ត្រីរងគ្រោះត្រូវបានរថយន្តសង្គ្រោះអង្គភាព៧១១ កងពលតូចលេខ៧០ ដឹកទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។ ចំណែកម៉ូតូបង្កនិងអ្នកបើកបរ ត្រូវបានសមត្ថកិច្ចនាំទៅ ប៉ុស្តិ៍នគរបាលជាបណ្តោះអាសន្នរង់ចាំដោះស្រាយពេលក្រោយ៕ដោយ៖វិចិត្រ