សន្ដិសុខសង្គម

តុលាការឃុំខ្លួនបុរសក្លែងជាផ្កាយ២និងឆបោកលុយចូលក្របខ័ណ្ឌយោធា

ភ្នំពេញ៖តុលាការភ្នំពេញព្រឹកថ្ងៃទី១៣ ខែមេសានេះបានឃុំខ្លួនជនសង្ស័យម្នាក់ ករណីក្លែងជាឧត្តមសេនីយ៍ផ្កាយ២ និងឆបោកលុយរត់ការចូលក្របខ័ណ្ឌមន្ត្រីយោធា។

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ផន ច័ន្ទផានិតអាយុ៤២ឆ្នាំពាក់ព័ន្ធរឿងឆបោកនិងក្លែងឯកសារសាធារណៈ ដោយបានអះអាងចំពោះមុខជនរងគ្រោះថា ខ្លួនមានឋានៈជាឧត្តមសេនីយ៍ទោ ជាដៃស្តាំឯកឧត្តម ហ៊ុន ម៉ាណែត គឺអាចជួយឱ្យជនរងគ្រោះចូលក្របខ័ណ្ឌមន្ត្រីយោធាបាន តែត្រូវប្រគល់លុយ១០.០០០ដុល្លារ។

មុនមានករណីនេះកើតឡើងជនសង្ស័យបានបង្ហាញរូបថតដែលខ្លួនថតជាមួយឯកឧត្តម ហ៊ុន ម៉ាណែត និងថតជាមួយថ្នាក់ដឹកនាំផ្សេងទៀតទៅជនរងគ្រោះមើល ទើបធ្វើឱ្យជនរងគ្រោះ មានការជឿទុកចិត្ត ព្រមប្រគល់ប្រាក់ជាដំណាក់កាលឱ្យទៅជនសង្ស័យ ដើម្បីរត់ការចូលក្របខ័ណ្ឌយោធា។

ជនរងគ្រោះបានប្រគល់លុយជាបន្តបន្ទាប់បានចំនួន៨.០០០ដុល្លារ ក្រោយមកជនរងគ្រោះបានដឹងខ្លួនថា ពិតជាចាញ់បោកគេក៏បានប្តឹងសមត្ថកិច្ចឱ្យចាប់ជនសង្ស័យតែម្តង។បន្ទាប់ពីទទួលបណ្តឹងសមត្ថកិច្ចចុះចាប់បុរសរូបនេះនៅមុខផ្សារបុរីពិភពថ្មីកំបូល៣ខណ្ឌកំបូល។

មុនចាប់ខ្លួនជនសង្ស័យជាអ្នកគួកជេរដីនិងជាតៃកុងរថយន្ត។ក្នុងនោះអាវុធហត្ថក៏បានដកហូតកាំភ្លើងខ្លីកែច្នៃ១ដើមនិងឯកសារក្លែងមួយចំនួន។បើតាមមាត្រា៦៣១,នៃក្រមព្រហ្មទណ្ឌការក្លែងបន្លំត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំដល់៥ឆ្នាំ។បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសរង់ចាំកាត់ទោសពេលក្រោយ៕ដោយ៖វិចិត្រ