អន្តរជាតិ

ជប៉ុនប្រកាសព្រមានប្រជាជននៅខេត្តហុកកៃដូឲ្យរកទីជម្រកសុវត្ថិភាព ខណៈកូរ៉េខាងជើងបាញ់មីស៊ីល

ជប៉ុនប្រកាសជូនដំណឹងឲ្យប្រជាជនរបស់ខ្លួនដែលរស់នៅខេត្តកោះហុកកៃដូប្រញាប់រកទីជម្រកសុវត្ថិភាពការពារគ្រាប់ ខណៈដែលកូរ៉េខាងជើងបានបញ្ចេញមីស៊ីលផ្លោងបាញ់ផ្អើលដែនទឹកនៃឧបទ្វីបកូរ៉េ។

រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada បាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍ទី ១៣ ខែមេសា ឆ្នាំ២០២៣នេះថា មីស៊ីលនេះប្រហែលជាប្រភេទមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដែលជារយៈចម្ងាយ​ឆ្ងាយបំផុតនៃមីស៊ីលផ្លោងរបស់ប្រទេសកូរ៉េខាងជើង ប៉ុន្តែអាជ្ញាធរជប៉ុននៅតែកំពុងបន្ត​វិភាគយ៉ាងលម្អិត។ បើតាមសេចក្តីរាយការណ៍ដោយទូរទស្សន៍ជប៉ុន NHK បានឲ្យដឹងថា កាំជ្រួចនេះបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ប្រទេសជប៉ុន ខណៈដែលរដ្ឋាភិបាលបានចេញសេចក្តីជូនដំណឹងបន្ទាន់ដល់អ្នកស្រុកដែលរស់នៅតំបន់ក្បែរនោះដូចជាខេត្តហុកកៃដូភាគខាងជើង ឲ្យប្រញាប់ស្វែងរកទីការពារគ្រាប់បែក ជម្រកសុវត្ថិភាពជ្រកកោនបណ្តោះអាសន្ន រង់ចាំស្ថានការណ៍ប្រសើរឡើងវិញ។

ដោយឡែក អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងក៏បាននិយាយបញ្ជាក់ដែរថា កូរ៉េខាងជើងពិតជាបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម ឬឆ្ងាយមួយគ្រាប់ចេញពីក្បែរទីក្រុងព្យុងយ៉ាង ចូលទៅក្នុងដែនទឹកនៃឆ្នេរសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េមែន។ ពេលវេលាដែលសង្កេតបាននៅម៉ោងប្រហែល ៧ និង២៣នាទីព្រឹក ម៉ោងក្នុងស្រុកថ្ងៃព្រហស្បតិ៍។

គួរដឹងថា ភាពតានតឹងនៅឧបទ្វីបកូរ៉េហាក់រីកសាយធំឡើងៗគួរឲ្យកត់សម្គាល់។ កូរ៉េខាងជើងនិយាយថា នឹងមិនខ្លាចក្នុងការងើបឈរធ្វើសង្រ្គាមជាមួយសហរដ្ឋអាម៉េរិក និងគូកនកូរ៉េខាងត្បូងនោះទេ ដោយហៅសមយុទ្ធរួមរបស់អាម៉េរិកក្នុងដែនទឹកកូរ៉េថាជាការបង្កហេតុយ៉ាងធ្ងន់ធ្ងរ៕

ប្រភព៖  NHK

ប្រភពរូប៖NHK
ប្រែសម្រួល៖សុខ តុលា