សន្ដិសុខសង្គម

កាប់ប្រពន្ធរបួសធ្ងន់ ព្រឹកឡើងសមត្ថកិច្ចចាប់ដាក់ខ្នោះត្រៀមនាំទៅតុលាការ

បាត់ដំបង៖បុរសម្នាក់បានប្រើកាំបិតវែងកាប់ប្រពន្ធឱ្យរងរបួសធ្ងន់ ហើយចាក់សោពីខាងក្នុងផ្ទះ ព្រឹកឡើងប្រពន្ធប្ដឹងសមត្ថកិច្ចចាប់ដាក់ខ្នោះត្រៀមបញ្ជូនទៅតុលាការ។អំពើហិង្សាក្នុងគ្រួសារនេះ បានកើតឡើងឋិតនៅភូមិស្ថាពរ២ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង កាលពីរំលងអធ្រាត្រចូលថ្ងៃទី១២ ខែមេសា។

មន្ត្រីនគរបាលបានឱ្យដឹងកាលពីរសៀលថ្ងៃទី១២ ខែមេសាថា ជនសង្ស័យឈ្មោះ ឃីង សុខែម អាយុ៣៦ឆ្នាំ នៅភូមិឃុំខាងលើ។ចំណែកប្រពន្ធឈ្មោះ រ៉ាប់ សុបិន អាយុ២៧ឆ្នាំ នៅភូមិឃុំជាមួយគ្នា បានរងរបួសត្រង់ក្បាលធ្ងន់។

មុនកើតហេតុនៅពេលយប់ ក្នុងគ្រួសារនេះបានទាស់សម្តីគ្នាយ៉ាងខ្លាំង រហូតជនសង្ស័យ បានប្រើកាំបិតវែងកាប់លើប្រពន្ធឱ្យរងរបួសធ្ងន់ហើយចាក់សោពីខាងក្នុងផ្ទះដោយមិនបានយកប្រពន្ធទៅមន្ទីរពេទ្យទេ។លុះព្រឹកឡើងជនរងគ្រោះបានរាយការណ៍ប្រាប់នគរបាលស្រុកបវេល។ បន្ទាប់ពីទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះឃាត់ជនសង្ស័យនិងដកហូតកាំបិត១។

ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង។ចំណែកជនសង្ស័យត្រូវ ផ្នែកនគរបាលជំនាញបានកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ