អន្តរជាតិ

ប្តី​ប្រពន្ធ​វ័យ​ចំណាស់​មួយគូបាន​ស្លាប់បន្ទាប់ពីទទួលទាន​​ត្រី​ក្រពត​នៅ​ម៉ាឡេស៊ី

ដោយ៖ សហការី

នៅប្រទេសម៉ាឡេស៊ីមានប្តីប្រពន្ធវ័យចំណាស់មួយគូបានស្លាប់ក្រោយពីបានទទួលទានត្រីក្រពត កំពុងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងមិនទាន់អស់ចិត្តពីកូនៗ។

CNN បានឲ្យដឹងថា​ អាជ្ញាធរនៅរដ្ឋ Johor ភាគខាងត្បូងបានប្រាប់ បុរសឈ្មោះ Ng Chuan Sing និងប្រពន្ធរបស់គាត់ឈ្មោះ Lim Siew Guan អ្នកទាំងពីរកាលពីពេលមុនៗបានទិញត្រី pufferfish យ៉ាងតិចចំនួនពីរក្បាលពីអ្នកលក់អនឡាញ ដោយមិនបានដឹងអំពីប្រភេទត្រីនោះទេ កាលពីថ្ងៃទី ២៥ ខែមីនា។

អាជ្ញាធរបាននិយាយថា នៅថ្ងៃដដែលនោះ Lim បានចៀនត្រីធ្វើជាអាហារហូបថ្ងៃត្រង់ ក្រោយមកក៏ចាប់ផ្តើមមានអការ “ពិបាកដកដង្ហើមនិងញ័រខ្លួន”។ មួយម៉ោងបន្ទាប់ពីទទួលទាន​អាហាររួចមក ប្តីរបស់នាងក៏ចាប់ផ្តើមមានអការៈចេញរោគសញ្ញាស្រដៀងគ្នានេះដែរ។

ប្តីប្រពន្ធមួយគូនេះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ និងបានបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ បន្តិចក្រោយមក Lim ត្រូវបានពេទ្យប្រាប់ថា គាត់បានស្លាប់នៅម៉ោង ៧យប់ ម៉ោងនៅ​ក្នុងស្រុក។

Ng Ai Lee ​បាន​ធ្វើ​សន្និសីទ​កាសែត​នៅ​គេហដ្ឋាន​របស់​គាត់​កាលពី​ថ្ងៃ​អាទិត្យ ​មុន​ពិធីបុណ្យសព​របស់​ឪពុកម្តាយនាង។ កូនស្រីរូបនោះ​បាន​និយាយ​ថា ប៉ាបាន​សន្លប់​អស់​រយៈពេល ៨ថ្ងៃ ក្រោយមក​ស្ថានភាព​របស់គាត់​កាន់តែ​អាក្រក់ឡើងៗ ហើយ​គាត់ក៏​បាន​ស្លាប់​នៅ​ព្រឹក​ថ្ងៃសៅរ៍។ Ng បានទាមទារឲ្យមានការទទួលខុសត្រូវចំពោះការស្លាប់របស់ឪពុកម្តាយពួកគេ និងបង្កើតច្បាប់ឲ្យបានរឹងមាំនៅក្នុងប្រទេសម៉ាឡេស៊ី។

Ng បាននិយាយទៀតថា “អ្នកដែលទទួលខុសត្រូវចំពោះការស្លាប់របស់ពួកគេ គួរតែទទួលខុសត្រូវចំពោះមុខច្បាប់ ហើយខ្ញុំសង្ឃឹមថាអាជ្ញាធរនឹងពន្លឿនការស៊ើបអង្កេតមួយនេះ” ។ “ខ្ញុំក៏សង្ឃឹមថា រដ្ឋាភិបាលម៉ាឡេស៊ីនឹងបង្កើនការអនុវត្តច្បាប់នឹងជួយលើកកម្ពស់​ការយល់ដឹងជាសាធារណៈ អំពីការពុលត្រី pufferfish ដើម្បីការពារមិនឲ្យមានឧប្បត្តិហេតុបែបនេះ​កើតមានឡើងម្តងទៀត”។ ដោយច្បាប់នៅប្រទេសម៉ាឡេស៊ីត្រូវបានគេហាមឃាត់លក់អាហារ ដែលមានជាតិពុល និងមានហានិភ័យដូចជាសាច់ត្រី pufferfish ហើយបទល្មើសនេះត្រូវតែ​ពិន័យជាប្រាក់ ២,៣០០ដុល្លារ ឬអាចជាប់គុករហូតដល់ ២ឆ្នាំ៕