សន្ដិសុខសង្គម

អ្នកដំណើរឃើញស្រី្តវ័យក្មេងម្នាក់ មានភាពមិនប្រក្រតីសុំអាជ្ញាធរជួយយកអាសា

ភ្នំពេញ៖អ្នកដំណើរនៅជិតវត្តភ្នំ ឃើញស្រី្តវ័យក្មេងម្នាក់បានដើរ ឈរ សំពះ សើចម្នាក់ឯង ហាក់មានស្មារតីនិងអារម្មណ៍ខុសប្រក្រតី បានសុំមន្ត្រីអាជ្ញាធរជួយយកអាសា។

នៅវេលាថ្ងៃត្រង់ថ្ងៃទី១២ ខែមេសាឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋបានប្រាប់ថា ពួកគាត់បានឃើញស្ត្រីដ៏ស្រស់ស្អាតម្នាក់មិននិយាយស្ដីអ្វីទាំងអស់។ស្ត្រីរូបនោះហាក់មានស្មារតីនិងអារម្មណ៍ខុសប្រក្រតី ដោយដើរ ឈរ សំពះនិងសើចផង មិនដឹងជាគាត់មកពីកន្លែងណានោះទេ។

ស្ត្រីខាងលើអាយុប្រហែលជាង២០ឆ្នាំ ភិនភាគសម្បុរស ស្លៀកខោជើងវែងពណ៌ខ្មៅ ពាក់អាវក្រឡាការ៉ូពណ៌ប្រផេះលាយពណ៌ក្រហមដៃវែង ឋិតនៅខាងជើងវត្តភ្នំ ផ្លូវលេខ ៤៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។បន្ទាប់ពីនោះពលរដ្ឋបានសុំឱ្យមន្ត្រីអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចពាក់ព័ន្ធ ជួយយកអាសាស្ត្រីរូបនេះផង។

សូមយកនាងទៅសាកសួរ ក៏ដូចប្រកាសដំណឹងរកក្រុមគ្រួសារសាច់ញាតិ អាណាព្យាបាល បានដឹងបានឃើញ និងមកទទួលនាងទៅផ្ទះវិញ។គេមិនដឹងថា ស្ត្រីខាងលើមានបញ្ហាយ៉ាងណាទេ គឺគ្រាន់ឃើញសកម្មភាពដើរបណ្ដើរ ឈរបណ្ដើរ មិនមាត់មិនក, គឺធ្វើកាយវិការ​លើកដៃសំពះនិងមានកាន់ថង់ខ្មៅ១ជាប់តាមខ្លួនទៀតផង៕ដោយ៖វិចិត្រ