សន្ដិសុខសង្គម

ឡានទំនើបបុករបាំងថ្មការដ្ឋានសាងសង់ស្ពានអាកាសបង្កខូចខាតធ្ងន់

ភ្នំពេញ​៖​រថយន្តម៉ាក Mercedes បានបើកបុករបាំងថ្មការដ្ឋានសាងសង់ស្ពានអាកាសផ្លូវ៦០ ម៉ែត្រ​បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅម្តុំការដ្ឋាន​កំពុងសាងសង់ស្ពានផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីរំលងអធ្រាត្រចូលថ្ងៃទី១២ ខែមេសា។

សាក្សីបានឱ្យដឹងថា​ មុនកើតហេតុគេបានឃើញរថយន្តទំនើបម៉ាក Mercedes ​ ផ្លាកលេខភ្នំពេញ2BC-5454 បើកតាមផ្លូវ៦០ម៉ែត្រ​ពីត្បូងទៅជើងក្នុងល្បឿនលឿន។មកដល់កន្លែងខាងលើអ្នកបើកបរ​ទំនងមិនបានប្រុងប្រយ័ត្នក៏បុករបាំងថ្ម ការដ្ឋានកំពុងសាងសង់ស្ពានអាកាសនោះពេញទំហឹង បណ្តាលឱ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ប៉ុន្តែហេតុការណ៍នេះមិនបានបង្កគ្រោះថ្នាក់ដល់មនុស្សទេ។ក្រោយមកសមត្ថកិច្ច​បានចុះអន្តរាគមន៍និងបន្តនីតិវិធី៕ដោយ៖វិចិត្រ