អន្តរជាតិ

យោធាមីយ៉ាន់ម៉ាវាយប្រហារតាមអាកាសសម្លាប់មនុស្សយ៉ាងរង្គាល៥០នាក់ របួសរាប់សិបនាក់នៅថ្ងៃសប្តាហ៍នេះ

របបសឹកមីយ៉ាន់ម៉ា បើកការវាយប្រហារតាមផ្លូវអាកាសក្នុងតំបន់ Sagaingភាគកណ្តាល សម្លាប់មនុស្សយ៉ាងហោចណាស់៥០នាក់ និងរបួសរាប់សិបនាក់នៅថ្ងៃអង្គារសប្តាហ៍នេះ។

យោងតាមសេចក្តីរាយការណ៍ដោយកាសែត BBC ភូមា, សារព័ត៌មាន Irrawaddy និងពិសេសសាក្សីដោយទីភ្នាក់ងារសារព័ត៌មាន AFP បានឲ្យដឹងថា យ៉ាងហោចណាស់ មនុស្ស៥០នាក់ស្លាប់ និងរបួសរាប់សិបនាក់នៅក្នុងការវាយប្រហារយ៉ាងសាហាវតាមផ្លូវអាកាស​របស់របបយោធាមីយ៉ាន់ម៉ា ដឹកនាំដោយលោកឧត្តមសេនីយ៍មីនអ៊ុងឡាំង។ ការវាយប្រហារនេះបានកើតឡើងនៅព្រឹកថ្ងៃអង្គារទី ១១ ខែមេសា ឆ្នាំ២០២៣ លើទីប្រជុំជន Kanbalu ដាច់ស្រយាលក្នុងតំបន់ Sagaing កណ្តាលនៃប្រទេសមីយ៉ាន់ម៉ា។

អ្នកនាំពាក្យយោធាលោក Zaw Min Tun បាននិយាយថា “មាន (កងកម្លាំងការពារប្រជាជន) ពិធីបើកសម្ពោធការិយាល័យនៅថ្ងៃអង្គារ នៅម៉ោងប្រហែល ៨ព្រឹក នៅភូមិ Pazi Gyi” ។ “យើងបានបើកការវាយប្រហារនៅទីនោះ”។ ចំពោះអ្នកស្លាប់ និងរបួស អ្នកនាំពាក្យរូបនេះនៅតែប្រកាន់ជំហរយ៉ាងដាច់អហង្ការមិនទទួលខុសត្រូវឡើយ ដោយថាអ្នក​ស្លាប់​មួយ​ចំនួន​ជា​អ្នក​ប្រឆាំង​រដ្ឋ​ប្រហារក្នុងឯកសណ្ឋានស៊ីវិល​ មាន​អ្នកខ្លះ​ស្លៀក​ពាក់​ស៊ីវិល។

ប្រធានផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Turk បាននិយាយថា លោកមានការ “រន្ធត់ណាស់” ចំពោះការវាយប្រហារតាមអាកាសដ៏សាហាវនេះ ដែលជនរងគ្រោះ រួមមានក្មេងៗសិស្សសាលាគ្មានកំហុសកំពុងសំដែងរបាំ។

យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរបស់លោក Stephane Dujarric អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres “ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារដោយកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ានេះ”។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា លោក Guterres “បញ្ជាក់សាជាថ្មីនូវការអំពាវនាវរបស់គាត់ឱ្យយោធា​បញ្ចប់យុទ្ធនាការនៃអំពើហិង្សាលើប្រជាជនមីយ៉ាន់ម៉ានៅទូទាំងប្រទេស”៕

ប្រភព៖  AFP

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា