អន្តរជាតិ

មេទាហានស៊ីឈ្នួលរុស្ស៊ីនិយាយថា បានគ្រប់គ្រងជាង ៨០ ភាគរយនៃតំបន់Bakhmut

មេក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ី លោក Yevgeny Prigozhin បានអះអាងចុងក្រោយថា កងកម្លាំងរបស់ខ្លួនបានគ្រប់គ្រងទីក្រុង Bakhmut ខេត្តដូណេតអ៊ុយក្រែនច្រើនជាង ៨០ ភាគរយហើយ។

នៅក្នុងវីដេអូដែលបានចេញផ្សាយដោយអ្នកសរសេរប្លុកយោធារុស្ស៊ី នៅលើបណ្តាញ Telegram លោក Prigozhin ត្រូវបានគេមើលឃើញថាបានបង្ហាញនៅលើផែនទីនៃតំបន់អំពីរបៀបដែលកងកម្លាំង​របស់គាត់កំពុងបន្តឡោមព័ទ្ធទីក្រុងបាក់មុតនេះ។ Prigozhin បាននិយាយថា “នៅក្នុងទីក្រុង Bakhmut ដែលជាផ្នែកធំជាង ៨០ ភាគរយឥឡូវនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើង រួមទាំងមជ្ឈមណ្ឌលរដ្ឋបាលទាំងមូល រោងចក្រ ឃ្លាំង ការគ្រប់គ្រងទីក្រុង”។ គាត់បានប្រើប៊ិកសញ្ញាសម្គាល់ពណ៌ក្រហម ដើម្បីរំលេចតំបន់លំនៅឋានតូចមួយនៃទីក្រុង ដែលនៅសេសសល់ត្រូវបានកាន់កាប់ដោយកងកម្លាំងរុស្ស៊ី។ លោក​បាន​និយាយ​ថា​៖ “​នៅ​ទីនោះសង្គ្រាម​នៅ​តែ​បន្ត”​។

ការអត្ថាធិប្បាយរបស់ Prigozhin កើតឡើងមួយថ្ងៃបន្ទាប់ពីប្រធានខេត្ត Donetsk ដែលដំឡើងដោយរុស្ស៊ីបានទៅលេង Bakhmut ហើយបាននិយាយថា “ច្រើនជាង ៧៥ ភាគរយនៃទីក្រុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គភាពរបស់យើង”។ ចំពោះការអះអាងនេះ គេនៅមិនទាន់បានផ្ទៀងផ្ទាត់ត្រឹមត្រូវពីខាងអ៊ុយក្រែននៅឡើយទេ ខណៈដែលBakhmut បាន​ឃើញ​ការ​ប្រយុទ្ធ​គ្នា​ខ្លាំង​បំផុត​ក្នុង​សង្រ្គាម​ជិត ១៤ ខែ៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា