អន្តរជាតិ

ភ្នំភ្លើង Shiveluch ផ្ទុះ​ក្នុង​ប្រទេស​រុ​ស្ស៊ី បញ្ចេញ​ផេះ​នៅ​កម្ពស់​២០​គីឡូម៉ែត្រ

ភ្នំភ្លើងសកម្មបំផុតមួយក្នុងចំណោមភ្នំភ្លើងសកម្មរបស់រុស្ស៊ីបានផ្ទុះនៅលើឧបទ្វីប Kamchatka ភាគខាងកើតនៅសប្តាហ៍នេះ ដោយបានបញ្ចេញផេះទៅលើមេឃ ធ្វើឲ្យភូមិឋាននានា​គ្របដណ្តប់ដោយធូលីភ្នំភ្លើង និងការព្រមានពីអាកាសចរណ៍។

យោងតាមការស្ទាបស្ទង់ភូមិសាស្ត្រនៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ីនៃ Kamchatka បានឲ្យដឹងថា ភ្នំភ្លើង Shiveluch បានផ្ទុះឡើងក្រោយពាក់កណ្តាលអធ្រាត្រកាលពីថ្ងៃអង្គារទី ១១ខែមេសា ឆ្នាំ២០២៣ និងបានឈានដល់កម្រិតកំពូលផ្ទុះខ្លាំងយកតែមែនទែននៅប្រហែល ៦ ម៉ោងក្រោយមក ហើយបានបញ្ចេញពពកផេះលើផ្ទៃដី ១០៨០០០ គីឡូម៉ែត្រការ៉េ។ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រ​បាននិយាយថា ប្រហែល ២៤ម៉ោងបន្ទាប់ពីភ្នំភ្លើងចាប់ផ្តើមផ្ទុះ ការរញ្ជួយដីកម្រិត ៥.៨ រិច្ឆទ័របានវាយប្រហារនៅឆ្នេរសមុទ្រ Kamchatka ។ កម្អែលភ្នំភ្លើងបានហូរចេញពីភ្នំភ្លើង ជំរុញឱ្យមានការព្រមានពីហានិភ័យនៅលើផ្លូវហាយវេក្បែរនោះ។ ភូមិ​នានា​ត្រូវ​បាន​ក្រាលគ្រប​ដោយ​ផេះកម្រាស់ប្រហែល ៨,៥ សង់ទីម៉ែត្រ ដែល​ជ្រៅ​បំផុត​ក្នុង​រយៈពេល ៦០ ឆ្នាំមិនធ្លាប់មាន។

ការ​ផ្ទុះ​នេះ​បាន​បង្ក​ហានិភ័យ​ដល់​ការ​ហោះហើរ។ ក្រុមអ្នកជំនាញខាងភ្នំភ្លើងបានចេញការព្រមាន​ពណ៌ក្រហមសម្រាប់ជើងហោះហើរ ហើយអាជ្ញាធរអាកាសចរណ៍រុស្ស៊ី Rosaviatsia បានជំរុញឱ្យនាវិក “តាមដានការផ្លាស់ប្តូរព័ត៌មានឧតុនិយមជានិច្ច”។ យោងតាមក្រុមឆ្លើយតបការផ្ទុះភ្នំភ្លើង Kamchatka ដែលតាមដានការផ្ទុះនៅក្នុងតំបន់ Shiveluch មានអាយុពី ៦០០០០ ទៅ ៧០០០០ ឆ្នាំ ហើយជាភ្នំភ្លើងដ៏ធំបំផុតមួយនៅក្នុងឧបទ្វីប Kamchatka ។ យ៉ាងណាក៏ដោយ ជុំវិញគ្រោះធម្មជាតិនេះ មិនមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ និងរបួសនោះទេ៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា