សន្ដិសុខសង្គម

បញ្ជូនក្រុមសង្ស័យ៦នាក់ប្រើអំពើហិង្សាលើ២នាក់ឱ្យរបួសធ្ងន់ទៅតុលាការ

កណ្ដាល៖ នគរបាលក្រុងតាខ្មៅបានឃាត់ក្រុមជនសង្ស័យ៦នាក់ ចំណោមបក្ខពួក១០នាក់ បន្ទាប់ព្រួតគ្នាវាយលើបុរស២នាក់ បណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅតុលាការ។ហេតុការណ៍នេះបានកើតឡើងនៅមុខហាងកាហ្វេ អេហ្សូតិច ក្នុងភូមិតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី១០ ខែមេសា។

លោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា ករណីបង្កអំពើហិង្សានេះ​ដោយសារតែភាគីយុវជន១០នាក់ មានគំនុំជាមួយភាគីរងគ្រោះពីមុនមក។

ជនរងគ្រោះ២នាក់ឈ្មោះ គួរ គីមសេង អាយុ១៥ឆ្នាំ ជាសិស្សនៅភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានរបួសក្បាល។ឈ្មោះ ញ៉ៅ និធិ អាយុ១៣ឆ្នាំ ស្នាក់នៅភូមិសន្សំកុសល២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានរបួសរយះក្បាល។បច្ចុប្បន្នក្រុមសង្ស័យត្រូវសមត្ថកិច្ចក្រុងតាខ្មៅបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ