សន្ដិសុខសង្គម

ត្រៀមបញ្ជូនអ្នកក្លែងជាផ្កាយ២និងឆបោកលុយចូលក្របខ័ណ្ឌយោធាទៅតុលាការ

ភ្នំពេញ៖អាវុធហត្ថភ្នំពេញកាលពីថ្ងៃទី១ ខែមេសា បានចាប់បុរសម្នាក់តាមពាក្យបណ្តឹង ដែលក្លែងខ្លួនជាឧត្តមសេនីយ៍ផ្កាយ២ និងឆបោកលុយរត់ការចូលក្របខ័ណ្ឌយោធា ត្រៀមបញ្ជូនទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ផន ច័ន្ទផានិត ពាក់ព័ន្ធករណីឆបោកនិងក្លែងឯកសារ​សារធារណៈ ដោយបានអះអាងចំពោះមុខជនរងគ្រោះថា ខ្លួនមានឋានៈជាឧត្តមសេនីយ៍ទោ ជាដៃស្តាំឯកឧត្តម ហ៊ុន ម៉ាណែត គឺអាចជួយឱ្យជនរងគ្រោះចូលក្របខ័ណ្ឌមន្ត្រីយោធាបាន តែត្រូវប្រគល់លុយ១០.០០០ដុល្លារ។

មុនមានករណីនេះកើតឡើងជនសង្ស័យបានបង្ហាញរូបថតដែលខ្លួនថតជាមួយឯកឧត្តម ហ៊ុន ម៉ាណែត និងថតជាមួយថ្នាក់ដឹកនាំផ្សេងទៀតទៅជនរងគ្រោះមើល ទើបធ្វើឱ្យជនរងគ្រោះ មានការជឿទុកចិត្ត​ព្រមប្រគល់ប្រាក់ជាដំណាក់កាលឱ្យទៅជនសង្ស័យ ដើម្បីរត់ការចូលក្របខ័ណ្ឌយោធា។

ជនរងគ្រោះបានប្រគល់លុយជាបន្តបន្ទាប់បានចំនួន៨.០០០ដុល្លារ ក៏ត្រូវជនរងគ្រោះចាប់ចំណុច​ខ្សោយរបស់ជនសង្ស័យបានទើបប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនពីបទឆបោកតែម្តង។បន្ទាប់ពីទទួលបណ្តឹង អាវុធហត្ថភ្នំពេញក៏ចុះចាប់ជនសង្ស័យនៅមុខផ្សារបុរីពិភពថ្មីកំបូល៣ខណ្ឌកំបូល។

ជនសង្ស័យមានមុខរបរជាអ្នកគួកជេរដីនិងជាតៃកុងរថយន្ត។ក្នុងនោះអាវុធហត្ថក៏បាន​ដកហូតអាវុធខ្លីកែច្នៃ១ដើមនិងឯកសារក្លែងមួយចំនួន។បច្ចុប្បន្នជនសង្ស័យត្រូវបានអាវុធហត្ថ​រាជធានីភ្នំពេញ កសាងសំណុំរឿងត្រៀមបញ្ជូនបន្តតាមនីតិវិធី៕ដោយ៖វិចិត្រ