អន្តរជាតិ

ជប៉ុនបញ្ចេញលុយ ២,៨ ពាន់​លាន​ដុល្លារ​សម្រាប់​ការ​ផលិត​កាំជ្រួច​រយៈ​ចម្ងាយ​ឆ្ងាយ

ប្រទេសជប៉ុនចុះហត្ថលេខាបញ្ចេញលុយ៣ពាន់លានដុល្លារ សម្រាប់ការផលិតកាំជ្រួចរយៈចម្ងាយឆ្ងាយ ទុកដាក់ពង្រាយនៅដើមឆ្នាំ ២០២៦ ចំពេលមានការព្រួយបារម្ភអំពីការកើនឡើងកម្លាំងយោធា​របស់ប្រទេសចិន។

ក្រសួងការពារជាតិជប៉ុនបានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ខ្លួនបានចុះហត្ថលេខាលើកិច្ចសន្យាដែលមានតម្លៃជិត ៣៨០ ពាន់លានយ៉េន ស្មើនឹង(២.៨ ពាន់លានដុល្លារ) ជាមួយអ្នកម៉ៅការការពារជាតិកំពូលរបស់ប្រទេសគឺក្រុមហ៊ុន Mitsubishi Heavy Industries ដើម្បីបង្កើត និងផលិតមីស៊ីលរយៈចម្ងាយឆ្ងាយសម្រាប់ដាក់ពង្រាយនៅដើមឆ្នាំ ២០២៦ ចំពេលមានការព្រួយបារម្ភអំពីការកើនឡើងរបស់ប្រទេសចិន។ នៅរយៈពេលចុងក្រោយនេះ ចិនហាក់បង្ហាញសាច់ដុំសមយុទ្ធរបស់ខ្លួនយ៉ាងខ្លាំងនៅជុំវិញច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជាបរិវេណដែនទឹកក្បែរជប៉ុន។ ក្រសួងបាននិយាយថា កិច្ចសន្យារួមមានកំណែប្រសើរឡើង​នៃមីស៊ីល ប្រភេទទី១២របស់ក្រុមហ៊ុន Mitsubishi សម្រាប់បាញ់លើផ្ទៃសមុទ្រ និងផ្លូវអាកាស និងមីស៊ីលផ្លោងល្បឿនលឿនសម្រាប់ការពារកោះដាច់ស្រយាល។

ក្រសួងបាននិយាយថា ការផលិតកាំជ្រួចបាញ់លើដីនិងលើកប៉ាល់ប្រភេទទី ១២ និងកាំជ្រួចហោះលឿនជាងសំឡេង ដែលត្រូវបានអភិវឌ្ឍន៍រួចហើយនឹងចាប់ផ្តើមនៅឆ្នាំនេះ។ យ៉ាងណាក៏ដោយ ក្រុមមន្ត្រីបានបដិសេធមិនផ្តល់ចំនួនមីស៊ីលដែលជប៉ុនគ្រោងនឹងដាក់​ពង្រាយឡើយ។ មន្ត្រីក្រសួងបាននិយាយថា ដោយសារទំហំដីមានកម្រិត   ជប៉ុនគ្រោងនឹងធ្វើការសាកល្បងកាំជ្រួចមុនដាក់ពង្រាយនៅមូលដ្ឋានយោធាក្នុងសហរដ្ឋអាម៉េរិកជាមុនសិន៕

ប្រភព៖  France24

ប្រភពរូប៖ France24
ប្រែសម្រួល៖សុខ តុលា